ការពង្រឹងសមត្ថភាពយុវជនទូទាំងអាស៊ាន (eYAA) ជំនាន់ទី ៤ ឆ្នាំ ២០២៤ បន្តជំរុញទៅរកការផ្លាស់ប្តូរប្រកបដោយចីរភាពនៅក្នុងសហគមន៍គ្រប់តំបន់

ថៃ ៖ ក្នុងដំណើរឈានទៅរកការប្រារព្ធទិវាអាស៊ាននាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ មូលនិធិអាស៊ាន និងមូលនិធិ Maybank (ម៉េប៊ែង) នឹងចាប់ផ្តើម សិក្ខាសាលាស្តីពីការកសាង និងការពង្រឹងសមត្ថភាពយុវជនទូទាំងតំបន់អាស៊ាន (eYAA): ជំនាន់ទី៤ ដែលនឹងប្រារព្ធឡើងរយៈពេល ៥ថ្ងៃ នៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ដើម្បីសម្រេចបាននូវគោលដៅរួមនៃ ផែនការគំរូរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើតនូវសហគមន៍ដែលប្រកបដោយបរិយាបទរួមបញ្ចូល ចីរភាព និងសហគមន៍ដ៏រឹងមាំ កម្មវិធីនេះមានគោលបំណងពាំនាំ និងបំផុសគំនិតទៅដល់យុវជនអាស៊ានក្នុងនាមជាមុខព្រួញដ៏សំខាន់ក្នុងការរួមចំណែក និងបញ្ចេញមតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

តាមរយៈមូលនិធិ Maybank ធនាគារ Maybank សហការជាមួយមូលនិធិអាស៊ាន ជឿជាក់ថា ការអប់រំ គឺមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព ដូច្នេះ eYAA នឹងក្លាយជាវេទិកាមួយដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍នៅទូទាំងអាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏ស្របតាមទៅលើបេសកកម្មរបស់ធនាគារ Maybank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុមនុស្សធម៌ និងគាំទ្រការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តប្រកបដោយចីរភាពចំនួនបួនគឺ ការកែលម្អជីវភាពរស់នៅរបស់គ្រួសារចំនួនពីរលានគ្រួសារនៅទូទាំងអាស៊ាននៅឆ្នាំ ២០២៥។

កម្មវិធី និងសិក្ខាសាលា eYAA នឹងប្រមូលផ្តុំយុវជនស្ម័គ្រចិត្តចំនួន ១00 នាក់ និងតំណាង ១០ នាក់មកពីអង្គការសង្គមស៊ីវិលដែលបានចាត់តាំង (CSOs) នៅទូទាំងតំបន់អាស៊ាន ដើម្បីបង្ហាញពីគម្រោងដែលមានឥទ្ធិពលចំនួនដប់ ក្នុងការស្វែងរកឱកាសសហការ និងផ្តល់នូវការរៀនសូត្រពីបទពិសោធន៍ ក៏ដូចជាការអប់រំក្នុងគោលបំណងបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យពិសេស និងផ្តល់ឥទ្ធិពលទៅដល់សហគមន៍ទូទាំងតំបន់។

នៅឆ្នាំនេះ គឺជាលើកទីមួយដែលកម្មវិធី eYAA កំពុងបង្កើតបណ្តាញអតីតនិស្សិត ដែលយុវជនមកពីជំនាន់មុនៗ (ជំនាន់ ១, ២ និង៣) ចំនួន ៣២ នាក់ រួមជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលចំនួន ៨ នាក់មកពីជំនាន់ទី ៣ នឹងចូលរួមក្នុងឆ្នាំនេះផងដែរ។ ការដាក់បញ្ចូលអតីតនិស្សិតជំនាន់ដំបូងត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការវិវត្តន៍របស់កម្មវិធី ដោយបញ្ជាក់ពីការកើនឡើងនូវភាពរឹងមាំ និងតម្លៃនៃបណ្តាញរបស់ eYAA និងឱកាសដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ដ៏មានតម្លៃរបស់ពួកគេ និងការយល់ដឹងដែលទាក់ទងគ្នា ដើម្បីបំផុស និងលើកទឹកចិត្តដល់អ្នកចូលរួមថ្មីៗ និងលើកកម្ពស់វប្បធម៌នៃការផ្តល់ឱ្យគ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមក។

មុនពេលពិធីបើកសម្ពោធ វេទិកាឥទ្ធិពលអតីតនិស្សិត eYAA ត្រូវបានរៀបចំឡើង ដោយលើកឡើងពីសមិទ្ធិផលរបស់កម្មវិធី រួមជាមួយនឹងការផ្តល់ការពង្រឹងសមត្ថភាព ដល់ជំនាន់ទាំងបី ដែលរួមមានយុវជនស្ម័គ្រចិត្តចំនួន ២៩៣ នាក់ ដោយសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ២៥ និងសហគ្រាសសង្គម ដែលបានជះឥទ្ធិពលដល់សមាជិកសហគមន៍ចំនួន ៦០,៥៦២ នៅទូទាំងអាស៊ាន តាមរយៈសិល្បៈនិងវប្បធម៌ ការកសាងសហគមន៍ ការអប់រំ និងគំនិតផ្តួចផ្តើមដើម្បីថែរក្សាបរិស្ថាន។

នៅក្នុងកម្មវិធីពង្រឹងជារួមមួយនេះផងដែរ អ្នកចូលរួមទាំងអស់ទទួលបាននូវធនធានសំខាន់ៗ ការអនុវត្តល្អៗ និងផែនការយ៉ាងសកម្ម សម្រាប់ការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យនៅទូទាំងសហគមន៍អាស៊ាន ។ អ្នកចូលរួមត្រូវបានគេសង្កេតឃើញថាបានចូលរួមក្នុងការពិភាក្សាជាក្រុម និងពិភាក្សាទៅលើប្រធានបទដូចជា “ឥទ្ធិពលនៃការងារស្ម័គ្រចិត្ត៖ ការពង្រឹងយុវជន ការផ្តួចផ្តើមអាជីព និងការបង្កើតការផ្លាស់ប្តូរដ៏យូរអង្វែង” រួមជាមួយនឹង សិក្ខាសាលាបណ្តុះបណ្តាលស្តីពី គំនិតរចនា ការគ្រប់គ្រងហិរញ្ញវត្ថុ ចីរភាព ការងារស្ម័គ្រចិត្ត និងការធ្វើបទបង្ហាញ។

កម្មវិធី eYAA ចុងក្រោយគេបង្អស់៖ ជំនាន់ទី ៤ នឹងផ្តល់ឱកាស រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកចូលរួម។ ក្រុមយុវជនស្ម័គ្រចិត្ត និងអង្គការសង្គមស៊ីវិលដែលបានចាត់តាំងនៅក្នុងកម្មវិធីនេះមានឱកាសទទួលបានជំនួយចាប់ពី ២៥,000ដល់ ២៧,000 ដុល្លារអាមេរិក ដែលនឹងប្រើប្រាស់សម្រាប់គាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើមដើម្បីជួយដល់សហគមន៍។

បន្ទាប់ពីសិក្ខាសាលាឆ្នាំនេះ ជំនាន់ទីបួននៃកម្មវិធីនឹងប្រមូលយកនូវ “អ្នកធ្វើការផ្លាស់ប្តូរ” ដើម្បីចាប់ផ្តើមគម្រោងសហគមន៍ក្នុងប្រទេសអាស៊ានចំនួនប្រាំមួយ គឺកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បុគ្គល រួមជាមួយនឹងអង្គការដែលប្រកបទៅដោយភាពក្លៀវក្លា នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមចម្រុះនៅក្នុងគោលបំណងបង្កើតផលប៉ះពាល់ជាវិជ្ជមាននៅទូទាំងតំបន់អាស៊ានទាំងមូល។

ឧទាហរណ៍ នៅក្នុងប្រទេសកម្ពុជា អ្នកធ្វើការផ្លាស់ប្តូរនឹងផ្តោតលើគម្រោងសំខាន់ៗចំនួនពីរ ដែលមានបំណងផ្តល់ឥទ្ធិពលទៅដល់សហគមន៍មូលដ្ឋាន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គម្រោងទីមួយ “មន្ទីរពិសោធន៍ និងដាំថ្នាំពណ៌ធម្មជាតិ (NDLP)” ដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងរៀបចំដោយអង្គការមិនរកប្រាក់ចំណេញ Color Silk កម្ពុជា មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការជ្រលក់ពណ៌ធម្មជាតិសម្រាប់សហគមន៍តម្បាញក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះមានពាក់ព័ន្ធនឹងការបង្កើតមន្ទីរពិសោធន៍ថ្នាំជ្រលក់ដ៏ទំនើប និងបណ្តុះបណ្តាលស្ត្រីនៅប្រទេសកម្ពុជាអំពីតម្បាញ និងផលិតពណ៌ថ្នាំជ្រលក់ធម្មជាតិ រួមជាមួយនឹងការការលើកកម្ពស់វិធានការសុវត្ថិភាពថ្នាំពណ៌ដើម្បីបង្កើននូវផលិតភាព និងគុណភាព។ អ្នកទទួលផលចម្បងនៃគម្រោងនេះរួមមានស្ត្រីតម្បាញក្នុងស្រុក កសិករដែលចូលរួមក្នុងរោងចក្រផលិតថ្នាំជ្រលក់ និងសមាជិកសហគមន៍វ័យក្មេងដែលចាប់អារម្មណ៍ទៅលើការអនុវត្តប្រកបដោយចីរភាព។

គម្រោងទី២ “សហគ្រិនវ័យក្មេងកម្ពុជា (YEC)” ដែលអនុវត្តដោយក្រុមប្រឹក្សាយុវជនកម្ពុជា លាតសន្ធឹងទៅលើទីតាំងជាច្រើន រួមមានខេត្តកោះកុង ស្ទឹងត្រែង សៀមរាប កំពត ឧត្តរមានជ័យ តាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះមានគោលបំណងផ្តល់អតិភាពទៅដល់ យុវជនតាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាលសហគ្រិនភាព។ បច្ចុប្បន្ននេះ (YEC) គាំទ្រដល់ជីវភាពរបស់ក្រុមចំនួន ៣៦ ដែលមានសមាជិក ៩០០ នាក់។ គម្រោងនេះផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ តំណភ្ជាប់ទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលអភិវឌ្ឍន៍សហគ្រាសតាមសហគមន៍ (CBED)។ អ្នកទទួលផលផ្ទាល់រួមមាន អ្នកដឹកនាំយុវជន ៣៦ នាក់ និងសមាជិកយុវជន ៨៦៤ នាក់ ដោយមានអ្នកទទួលផលប្រយោលប្រមាណ ៤,៥00 ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឱកាសសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

សិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់តំបន់នៃ eYAA: ជំនាន់ទី ៤ ត្រូវបានចូលរួមដោយ ឯកឧត្ដម Russ Jalichandra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ; ជំនួយការសាស្រ្តាចារ្យបណ្ឌិត Sineenat Sermcheep នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាអាស៊ាន; ឯកឧត្ដម ឯកអគ្គរដ្ឋទូត M.I.  Derry Aman តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំអាស៊ាន; ឯកឧត្ដម ឯកអគ្គរដ្ឋទូត Bovonehat Douangchak តំណាងអចិន្ត្រៃយ៍នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំអាស៊ាន; ឯកឧត្ដម ឯកអគ្គរដ្ឋទូត Sarah Al Bakri Devadason បេសកជនអចិន្ត្រៃយ៍នៃប្រទេសម៉ាឡេស៊ីប្រចាំអាស៊ាន; ឯកឧត្ដម ឯកអគ្គរដ្ឋទូត Phantipha Iamsudha Ekarohit, បេសកជនអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន; Tan Sri Dato’ Sri Ir. Zamzamzairani Mohd Isa ប្រធានក្រុមហ៊ុន Maybank Group និងមូលនិធិ Maybank; លោកស្រី Rodora Turalde Babaran ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងជាលេខាធិការដ្ឋានអាស៊ាន តំណាង ឯកឧត្ដម អគ្គលេខាធិការអាស៊ាន; Datuk (Dr) Nora Abd Manaf ប្រធានក្រុមប្រឹក្សាធនធានមនុស្សធនាគារ Maybank; Shahril Azuar Jimin ប្រធានក្រុមប្រឹក្សាផ្នែកនិរន្តរភាពធនាគារ Maybank; លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន និងលោក Izlyn Ramli នាយកប្រតិបត្តិ នៃមូលនិធិ Maybank។

ទន្ទឹមនឹងនេះផងដែរ លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានមានប្រសាសន៍ថា “កម្មវិធី eMpowering Youths នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍន៍អ្នកដឹកនាំអាស៊ានជំនាន់ក្រោយ។ តាមរយៈការផ្តល់ឱកាសទៅដល់អ្នកស្ម័គ្រចិត្តវ័យក្មេងដើម្បីចូលរួមក្នុងគម្រោងដែលមានឥទ្ធិពលនេះ យើងមិនត្រឹមតែជំរុញទៅដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទៅដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងតំបន់ផងដែរ។ ជាមួយគ្នា ពួកយើងអាចកសាងសហគមន៍អាស៊ានឱ្យកាន់កាន់តែរឹងមាំ និងមានសមាហរណកម្មកាន់តែខ្លាំងឡើង”។

លោក Shahril Azuar Jimin ប្រធានក្រុមប្រឹក្សាផ្នែកនិរន្តរភាពធនាគារ Maybank បានមានប្រសាសន៍ថា “យើងកំពុងផ្តល់លទ្ធភាពឱ្យយុវជនអាស៊ានដឹកនាំការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅទូទាំងសហគមន៍របស់យើង តាមរយៈសិក្ខាសាលាការកសាងសមត្ថភាពថ្នាក់តំបន់នៃ eMpowering Youths: ជំនាន់ទី ៤។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់សក្ខីកម្មដល់ការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើឱ្យសហគមន៍ប្រសើរឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការដឹកនាំគំនិតផ្តួចផ្តើមដែលដោះស្រាយបញ្ហាប្រឈមក្នុងសង្គម និងសេដ្ឋកិច្ច ពួកយើងបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានភាពខុសប្លែកប្រកបដោយអត្ថន័យ បង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងការកសាងអនាគតប្រកបទៅដោយកិច្ចសហការ និងការច្នៃប្រឌិតដែលជំរុញឱ្យមានឥទ្ធិពលយូរអង្វែង”។

បង្កើតឡើងក្នុងវេទិកាអាស៊ានលើកទី ៥១ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ កម្មវិធី eYAA ត្រូវបានប្តេជ្ញាដល់ការផ្តល់សិទ្ធិអំណាចដល់យុវជនដែលមានអាយុពី ១៩ ឆ្នាំដល់ ៣៥ ឆ្នាំ និងសហគមន៍នៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងដប់ដើម្បីអភិវឌ្ឍ និងអនុវត្តគម្រោងក្នុងសហគមន៍ដែលផ្តល់នូវផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចរយៈពេលវែងជាក់ស្តែង។ គំនិតផ្តួចផ្តើមនេះជួយយុវជនឱ្យដឹកនាំការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដោយផ្តល់នូវបទពិសោធន៍ និងវេទិកាអប់រំតាមរយៈអ្នកស្ម័គ្រចិត្តសង្គម ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner