World Bank ៖ ការប្រើប្រាស់គ្រឿងស្រវឹងកើនឡើងចំនួន ១៧៧ភាគរយ
ហាណូយ៖ ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា ការផឹកគ្រឿងស្រវឹងបានកើនឡើងចំនួន ១៧៧ភាគរយ នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០២២។ អត្រាកំណើនការផឹកគ្រឿងស្រវឹងនេះកើតឡើង ចំពេលមានការដំឡើងពន្ធលើស្រាបៀពី៤៥ភាគរយ ដល់៦៥ភាគរយរួចហើយ ដូច្នេះការដំឡើងពន្ធកម្រិតនេះ នៅមិនទាន់គ្រប់គ្រាន់ក្នុងការកាត់បន្ថយការផឹកគ្រឿងស្រវឹងនៅឡើយទេ។
ធនាគារពិភពលោក (WB) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រឿងស្រវឹងនៅប្រទេសវៀតណាម បច្ចុប្បន្ននេះមានអត្រា ១៤០ភាគរយ ខ្ពស់ជាងកម្រិតមធ្យមភាគទៅទៀត ដោយកាលពីឆ្នាំ១៩៩០ តួលេខរបស់វៀតណាមទាបជាងមធ្យមភាគ៥៩ភាគរយ និងថា ការកើនឡើងអត្រាមរណភាព និងអ្នកជំងឺ គឺដោយសារការកើនឡើងការលក់ និងការផឹកគ្រឿងស្រវឹង។
ដោយមើលឃើញការកើនឡើងចំនួនអ្នកស្លាប់ និងអ្នកជំងឺមានជាប់ទាក់ទិននឹងគ្រឿងស្រវឹង ធនាគារពិភពលោក (WB) បានផ្តល់យោបល់ដល់វៀតណាម ឱ្យពិចារណាដំឡើងពន្ធពី ៦៥ភាគរយ ទៅ១៥៥ភាគរយលើគ្រឿងស្រវឹង។
យ៉ាងណាមិញ ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា ការដំឡើងពន្ធតាមការណែនាំរបស់ធនាគារពិភពលោក (WB) គឺមិនទាន់សមស្របសម្រាប់ប្រទេសវៀតណាមនៅពេលនេះទេ។
ប៉ុន្តែក្រសួងបានស្នើឱ្យមានការដំឡើងពន្ធលើការប្រើប្រាស់គ្រឿងស្រវឹងពី៦៥ភាគរយ ដល់៩០ភាគរយ ឬ១០០ភាគរយនៅឆ្នាំ២០២៦-២០៣០។ ហើយសម្រាប់ស្រាដែលមានជាតិអាល់កុលតិច ក្រសួងនឹងដំឡើងពន្ធពី៣៥ភាគរយ ក្នុងពេលបច្ចុប្បន្ននេះ ទៅ៦០ភាគរយ ឬ៧០ភាគរយ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា