ចិនបង្ហោះបាឡុងមានមនុស្សបើកដំបូងបង្អស់ ទាក់ទាញទេសចរ
ប៉េកាំង៖ បាឡុងហោះមានមនុស្សបើក ប្រភេទ AS700 ដែលអភិវឌ្ឍដោយក្រុមវិស្វករចិន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងរបស់ខ្លួនដោយជោគជ័យ។
យានបាឡុងហោះថ្មីនេះបានហោះចេញពីអាកាសយានដ្ឋាន Zhanghe ក្នុងទីក្រុង Jingmen ជាផ្នែកមួយនៃការធ្វើតេស្តជើងហោះហើរដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC)។
ការហោះហើរសាកល្បងនេះមានរយៈពេលជិតពីរម៉ោង ដែលជាការធ្វើដំណើរទេសចរណ៍គយគន់ទេសភាពពីលើទីតាំងដ៏ពេញនិយមផ្សេងៗនៅទូទាំងទីក្រុង Jingmen។ អ្នកដំណើរនៅលើយានបាឡុងនេះ អាចរីករាយនឹងទិដ្ឋភាពពីលើអាកាស តាមរយៈបង្អួចនៅចំហៀង ក្នុងល្បឿនហោះហើរប្រហែល ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ ៥០០ម៉ែត្រពីដី។
យានបាឡុងហោះថ្មីនេះ អាចផ្ទុកទម្ងន់បាន ៤,១៥០គីឡូក្រាម និងអាចហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ ឬប្រហែល បាន ១០ម៉ោង។ AS700 អាចដឹកមនុស្សបានចំនួន ១០នាក់ បូករួមទាំងអ្នកបើកបរម្នាក់។ AS700 អាចហោះឡើង និងចុះចតបញ្ឈរត្រង់នៅទីតាំងចង្អៀត។ AS700 បានទទួលវិញ្ញាបនបត្រពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) កាលពីខែធ្នូ ឆ្នាំ២០២៣។
លោក Du Wei ប្រធានគម្រោង AS700 បាននិយាយថា យានបាឡុងហោះថ្មីនេះ ទទួលបានការបញ្ជាទិញប្រហែល 20 គ្រឿងរួចទៅហើយ ក្នុងនោះ មួយគ្រឿងដំបូងគ្រោងនឹងត្រូវបានប្រគល់ឱ្យអតិថិជននៅចុងឆ្នាំនេះ។
ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា