ចរន្តគាំទ្រកាន់តែខ្លាំង! គណបក្សនយោបាយនិងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលធ្វើពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ការបើការដ្ឋានព្រែកជីកហ្វូណនតេជោ កាន់តែខិតជិតមកដល់ គឺចរន្តនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសកាន់តែផុសផុល។ គណបក្សនយោបាយ និងសម្ព័ន្ធភាពបណ្តុំសមាគម​អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានជួបជុំគ្នានៅវត្តភ្នំជាល ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើពិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក ថុល សុផាន់ណា បានមានប្រសាសន៍បថា គណបក្សនយោបាយមួយចំនួនរួមមាន ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សខ្មែរតែមួយគណបក្សចលនាប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ និងគណបក្សខ្មែរក្រោក និងសមាគមអង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ លោកបន្តថា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមគាំទ្រយ៉ាងពេញទំហឹង ជុំវិញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់ប្រសិទ្ធនាមថា ជា«គម្រោងព្រែកជីកហ្វូណនតេជោ»។

លោកបន្តថាយល់ឃើញថា ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូន ថែមទាំងជួយកាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចេញ-ចូល ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់ជាដើម។ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ គឺនឹងអាចជួយពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។

ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមទ្ធិផលដល់មហាថ្លៃថ្លាសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សមិទ្ធផលដ៏មហាផ្លៃថ្លាជាប្រវត្តិសាស្ត្រនេះ នឹងដំណើរការបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ខណៈការប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ឈានចូលជិតមកដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារ នឹងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់៕
ដោយ៖ពលជ័យ

ads banner