លោកស្រី សារ៉ា មីងការ៉ា៖ អាមេរិករីករាយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា
ភ្នំពេញ៖ ទីប្រឹក្សាពិសេសទទួលបន្ទុកសិទ្ធិជនមានពិការភាពអន្តរជាតិនៃការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី សារ៉ា មីងការ៉ា បានបញ្ជាក់ថា សហរដ្ឋអាមេរិករីករាយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនមានពិការភាព នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងយន្តការអាស៊ាន។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
លោកស្រី សារ៉ា មីងការ៉ា បានថ្លែងអំណរគុណចំពោះឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ចំណែកឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ប្រាប់លោកស្រី សារ៉ា មីងការ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកសិទ្ធិជនមានពិការភាពអន្តរជាតិនៃការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ វឌ្ឍនភាពអំពីការអនុវត្តច្បាប់ជាតិស្ដីពីជនមានពិការភាព និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនមានពិការភាព។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវផែនការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលជួយសម្រួលដល់ការចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស