ឯកឧត្តមអភិសន្តិបណ្ឌិត សំណេះសំណាលនិងផ្ដល់ថវិកាជូនកម្លាំងរដ្ឋបាល​ខេត្តពោធិ៍សាត់ ដែលចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ

(ពោធិ៍សាត់)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំងចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងជាមួយអាកាសយានិក២រូប កាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវបានរកឃើញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងកោតសរសើរប្រកបដោយក្ដីស្ញប់ស្ញែងខ្ពស់ចំពោះកម្លាំងប្រតិបត្តិការទាំងមូល និយាយជារួម និងដោយឡែកកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលជម្នះឧបសគ្គចូលរួមក្នុងកិច្ចប្រតិបត្តិការយ៉ាងសកម្ម តាំងពីដំបូង រហូតដល់ការបិទបញ្ចប់។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ស្វាមី កូន និងឪពុក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបាត់បងធនធានមនុស្សដ៏ល្អក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃក្រសួងការពារជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានចាត់ នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកអំណោយ ទៅប្រគល់ជូនឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ រួមមាន អង្ករ៧តោន ត្រីខ ៤០កេសធំ មី ៣៥កេសធំ អាវភ្លៀង១០០កំប្លេរ និងតង់ធំ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner