នាយករដ្ឋមន្ត្រី៖ ចាប់ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា មិនមានផ្តល់អាជ្ញា​បណ្ណដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយ

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគម​ឧកញ៉ា​កម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ ឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានគូស​បញ្ជាក់ថា ចាប់ពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា មិនមានផ្តល់អាជ្ញាបណ្ណដី​សម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយ ខណៈដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មាន​រយៈពេលត្រឹម ៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ ៩០ភាគរយឡើងទៅ ។

សម្ដេចធិបតីបានថ្លែងជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិ​លើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតខាង តាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរ ដែលធ្វើការនៅកន្លែងនោះ មានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានពន្យល់ថា៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខា​ដោយ​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋលក់ ឬជួលដី ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះក្នុងរូបភាពណាក៏ដោយ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តកិច្ច​ការងារនេះ មិនមានប្រែប្រួលឡើយ។ កាវិនិយោគតាមអចលនទ្រព្យ គឺច្បាប់ស្ដីសិទ្ធិ​កម្មសិទ្ធចំណែកឯកជននៃអគារ និងច្បាប់ស្ដីពីសហកម្មសិទ្ធិរបស់ជនបរទេស ឆ្នាំ២០១០ ត្រង់មាត្រា៦ បានចែងថា ជនបរទេសអាចមាន​សិទ្ធិទិញខន់ដូ​បាន​តែជាន់ទី១ឡើងទៅ មិនមានសិទ្ធិទិញជាន់ផ្ទាល់ដី ឬជាន់ក្រោមដីបានទេ ។ នេះគឺសម្រាប់តែចលនទ្រព្យដែលមានចម្ងាយចាប់ពី ៣០គីឡូម៉ែត្រពីព្រំដែនជុំវិញ​ទាំងអស់ ប្រសិនបើតិចជាង ៣០គីឡូម៉ែត្រ គឺមិនមានសិទ្ធិទិញនោះឡើយ ។

សម្ដេចបានបញ្ជាក់បន្ថែមទៀតថា៖ តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាល មិនមាន​អាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ចបន្តទៀតឡើយ ដីសម្បទានសេដ្ឋកិច្ច​ដែលមាន​ក្នុងពេលបច្ចុប្បន្ន គឺមានពីមុនៗមកហើយ។ ពីមុនមានរយៈពេល ៩៩ឆ្នាំ តែមក​ដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាល ក៏បានកែមកឱ្យនៅត្រឹម ៥០ឆ្នាំវិញ ។ ក្រុមហ៊ុន​ដែលទទួលបានអាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ច ត្រូវអនុវត្តគោលការណ៍ជាធរមាន ដែលក្នុងនោះការប្រើប្រាស់កម្លាំងពលកម្មបរទេសត្រឹមតែ១០ភាគរយប៉ុណ្ណោះ ៩០ភាគរយទៀតត្រូវតែជាប្រជាពលរដ្ឋខ្មែរ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្ត​អនុវត្តគោលការណ៍តទៅទៀត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ការបន្តអនុវត្តគោលការណ៍ទាំងនេះ ធ្វើឱ្យ​ប្រជា​ពលរដ្ឋលែងព្រួយបារម្ភរឿងបាត់បង់ទឹកដីទៅប្រទេសជាតិខាង ឬបាត់បង់​ការ​ងារនៅក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ចនោះឡើយ ពិសេសតំបន់ព្រំដែន។ សម្ដេច ក៏បានស្នើឱ្យអ្នកបញ្ចេញមតិទាំងឡាយសូមប្រកាន់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ចៀសវាងការញុះញង់បំបែកបំបាក់គ្នា ដែលនាំតែការខាតបង់ប្រយោជន៍ជាតិ​នោះទេ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ហ៊ានធានាទទួលខុសត្រូវចំពោះការការពារទឹកដី មិនឱ្យប្រវត្តិសាស្ត្រ ចារពីការបាត់បង់ទឹកដីក្នុងអាណត្តិដឹកនាំប្រទេសកម្ពុជា របស់សម្ដេចនោះឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner