ក្តៅខ្លាំងពេក ស្លាប់អឺរ៉ុប១៧៥០០០នាក់ ក្នុង១ឆ្នាំ

បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO នាពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍ចុងក្រោយអះអាងថា កម្តៅដ៏ខ្លាំងទូទាំងតំបន់អឺរ៉ុប បានសម្លាប់ជីវិតមនុស្ស ចំនួន១៧៥០០០នាក់ នៅក្នុងមួយឆ្នាំ។

អង្គការសុខភាពពិភពលោក បានកត់សម្គាល់ថា សម្រាប់តំបន់មួយនេះ សីតុណ្ហភាពបានកើនឡើងលឿនជាងតំបន់ផ្សេងៗទៀត នៅលើពិភពលោកទាំងមូល។ លោក Hans Kluge នាយក WHO ប្រចាំអឺរ៉ុប បាននិយាយថា សីតុណ្ហភាពក្តៅខ្លាំង បានធ្វើឱ្យស្ថានភាពជំងឺរ៉ាំរ៉ៃ កាន់តែធ្ងន់ធ្ងរ រួមទាំង ជំងឺបេះដូង សរសៃឈាម ផ្លូវដង្ហើម និងសរសៃឈាមខួរក្បាល សុខភាពផ្លូវចិត្ត និងលក្ខខណ្ឌទាក់ទងនឹងជំងឺទឹកនោមផ្អែម ជាដើម។ ប្រភពបន្តទៀតថា កំដៅខ្លាំង ក៏អាចជាបញ្ហាសម្រាប់មនុស្សចាស់ និងជាបន្ទុកបន្ថែម សម្រាប់ស្ត្រីមានផ្ទៃពោះ ទៀតផង។

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងដែរថា ក្នុង១ឆ្នាំ ចំនួនមនុស្សស្លាប់សរុប ដោយសារកំដៅ ទូទាំងពិភពលោក មានជិត៥០ម៉ឺននាក់ ហើយត្រូវបានបារម្ភថា នឹង «កើនឡើង» បន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារការឡើងកំដៅផែនដី។ WHO អំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត កំណត់និងរកដំណោះស្រាយផលប៉ះពាល់ ពីរលកកំដៅដែលកាន់តែខ្លាំងឡើង ដោយសារតែការប្រែប្រួលអាកាសធាតុ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner