សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាអះអាងទៅកាន់ពលរដ្ឋខ្មែរទាំងអស់ថា គម្រោង​នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម នឹង​មិន​ធ្វើ​ឱ្យកម្ពុជាបាត់បង់ទឹកដីទ្បើយ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជា​ពលរដ្ឋខ្មែរ​ទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់​ត្រីកោណ​អភិ​វឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជា​បាត់បង់​បូរណ​ភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវ​វិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីពិធីសំណេះសំណាល និងពិសាភោជ​នា​ហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ ឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកពីភារកិច្ចស្នូល​របស់​សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើត​សកម្មភាព​សេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើក​ឡើងថា រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើក​ឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហា​ដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ។

សម្តេចធិបតី បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា រួមគ្នា​បង្កើនការអភិវឌ្ឍខេត្តនៅទិសឦសាន ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​នៅតាមខេត្ដជាប់ព្រំដែនទាំង ៤នេះ ឱ្យកាន់តែរឹងមាំ ជាពិសេស គឺដើម្បីរួម​គ្នាថែរក្សាបូរណភាពទឹកដី ។

សម្តេចក៏បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​ថា ​ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជា បាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្ត​ជាប់​ព្រំដែននៃប្រទេសទាំងបី ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកប្រតិកម្មរបស់​អ្នកវិភាគ​នៅក្រៅស្រុកដែលតាំងខ្លួនជាអ្នកដឹងគ្រប់រឿង ពាក់ព័ន្ធកិច្ចសហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ជាការឆ្លៀតឱកាស​ដើម្បីរុញសភាពការណ៍ឲ្យប្រជាពលរដ្ឋប៉ះបោរ និងកេងចំណេញនយោបាយ​តែប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងតាំងពី​ឆ្នាំ១៩៩៩​មកម្ល៉េះ ចុះហេតុអ្វីបានជាពួកគេធ្វើចេញមកវិភាគឥលូវនេះទៅវិញ?
បើ​តាម​​ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការចេញមកវិភាគរបស់​ក្រុមជ្រុលនិយមនៅក្រៅប្រទេសនៅពេលនេះ គ្រាន់តែឆ្លៀតឱកាសដើម្បីរុញ​សភាពការណ៍ និងញុះញង់ឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយឈានទៅការធ្វើ​បាតុកម្ម ដោយពួកគេចង់យកគំរូដូចនៅប្រទេសបង់ក្លាដេសយ៉ាងដូច្នេះដែរ។ សម្ដេចបានចាត់ទុកទៀតថា ក្រុមនេះមានចេតនាដុតឲ្យខ្លោច រោចឲ្យឆៅ។

សម្ដេចធិបតី បានអះអាងថា ប្រសិនបើពួកគេមានចេតនាល្អ ម្ល៉េះចេញ​មក​ប្រតិ​កម្មតាំងពីពេលបង្កើតដំបូង ពោលតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ មិនមែនគេប្រជុំ​ជាង ១០លើក រយៈពេលជាង២៥ឆ្នាំហើយ ទើបតែ​ចេញមក​តាំងខ្លួនថា ជាអ្នក​ដឹងគ្រប់រឿងដូចពេលនេះឡើយ ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ការ​បោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ដែលមានចំនួនរាប់រយបង្គោល គឺដើម្បីការពារបូរណភាពទឹកដី និង​បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យ​បាត់​បង់​ទៅប្រទេសជិតខាង ។

សម្តេចបញ្ជាក់ថា នៅមុនឆ្នាំ២០០៧ ខេត្តទាំង៤របស់កម្ពុជា មិនទាន់​មាន​បង្គោល​ព្រំដែនជាមួយវៀតណាមនោះ ដោយ មានត្រឹមតែពីខេត្តកំពតទៅ​កំពង់ចាម ប៉ុណ្ណោះ ហើយចាប់ពីកំពង់ចាម ទៅដល់កន្ទុយនាគ ក្នុងខេត្ត​មណ្ឌលគិរី មិនទាន់មានបង្គោលព្រំដែនឡើយ។ យ៉ាងនេះក្តី ដើម្បីបង្ហាញ​ពីឆន្ទៈ​ការពារបូរណភាពទឹកដី ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជា បានចាប់​ផ្តើមបោះបង្គោលព្រំដែន ដើម្បីកំណត់ព្រំដែនរវាងប្រទេស និងប្រទេស ។

សម្តេចបានបន្តថា នៅក្នុងរយៈពេល២៥ឆ្នាំនេះ ការបោះបង្គោល​ព្រំដែននៅ​ខេត្តក្រចេះ ពី២០០៦ ដល់២០១៨ មានចំនួនជាង១៥០បង្គោល ក្នុងបានបោះ​បានបង្គោលមេចំនួន១១ និងបង្គោលព្រំដែនបំពេញ បន្ថែមចំនួន១៤៤ បង្គោល​។ រីឯនៅខេត្តមណ្ឌលគិរី ការបោះបង្គោលព្រំដែន ពី២០០៧ ដល់​២០១៨ បោះបង្គោលមេបានចំនួន៣៥ និងបោះបង្គោលបំពេញបន្ថែម ចំនួន ៣៧៥បង្គោល និងបោះបង្គោលតម្រុយចំនួន១១បង្គោល។ ចំណែកនៅ​ខេត្ត​រតនគិរីវិញ បានបោះបង្គោលមេចំនួន៤០ បង្គោលបំពេញបន្ថែម ចំនួន១៥៣ និងបោះបង្គោលតម្រុយចំនួន៤។

សម្តេច ថា បង្គោលរាប់រយដែលបានបោះនេះ គឺបានបញ្ជាក់អំពីសុឆន្ទៈ​របស់​យើង និងការបញ្ជាក់ច្បាស់ណាស់ថា យើងចង់បញ្ជាក់ថាព្រំដែនរបស់ប្រទេស​យើងនៅទីណា មិនមែនដូចគេគិតថាយើងចង់លើកខេត្តនេះទៅ​ឱ្យប្រទេស​ជិតខាងនោះទេ សូមបញ្ជាក់ឱ្យច្បាស់ សូមបងប្អូនជឿទុកចិត្តចុះ យើងធ្វើនេះ​ដើម្បីអនាគតវែងឆ្ងាយនៃការកំណត់ព្រំដែន ដីរបស់យើង ដើម្បីយើងស្រួល​ការពារដីរបស់យើងនៅកន្លែងណា ។

សម្តេចធិបតីបានបញ្ជាក់ទៀតថា ដើម្បីការពារបូរណភាពទឹកដី និងព្រំដែន​ដ៏រឹងមាំរវាងកម្ពុជា និងប្រទេសជិតខាង រាជរដ្ឋាភិបាលមិនត្រឹម​តែបោះបង្គោល​ព្រំដែននោះទេ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយ ជំរុញការអភិវឌ្ឍន៍​នៅតាមតំបន់ព្រំដែន ដើម្បីការពារព្រំដែនឱ្យមានចីរភាពផងដែរ។ នៅក្នុងរយៈ​ពេល២៥ឆ្នាំ ក្រោយពេលដែលកម្ពុជាបានបោះបង្គោលព្រំដែនជាមួយ​ប្រទេស​ជិតខាង មិនត្រឹមតែធ្វើផ្លូវជាតិតភ្ជាប់ទៅខេត្តរតនគិរី មណ្ឌលគិរីនោះទេ តែក៏​បានធ្វើផ្លូវក្រវ៉ាត់តាមព្រំដែនទាំងអស់ ដែលមានប្រវែងរាប់រយគីឡូម៉ែត្រ ហើយ​រដ្ឋាភិបាល បានដាក់ផែនការរួចហើយនឹងបន្តធ្វើរហូតដល់កន្ទុយនាគ ។

សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧​០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ​បានបោះ​បង្គោលព្រំដែនសម្រេចបានចំនួន ៨៤ភាគរយហើយ នៅសល់តែ១៦%​ទៀតតែប៉ុណ្ណោះ។ ចំណែកព្រំដែនជាមួយប្រទេសឡាវមានប្រមាណ ៥៤០គីឡូម៉ែត្រ ក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបាន៨៦% នៅសល់១៤%ទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner