ស៊ុយអែតបញ្ចេញយន្តហោះអគ្គិសនីកូនកាត់

បរទេស៖ ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ឬ Start Up របស់ប្រទេសស៊ុយអែត Heart Aerospace កំពុងអភិវឌ្ឍន៍យន្តហោះអគ្គិសនីកូនកាត់ ES-30 សម្រាប់ជើងហោះហើររយៈចម្ងាយខ្លី។ នេះបើតាមគេហទំព័រ Interesting Engineering ចេញផ្សាយ កាលពីពេលថ្មីៗនេះ។

ប្រភពនេះបន្តថា យន្តហោះ Hybrid-Electric ប្រភេទនេះ ត្រូវបានរចនាឡើង សម្រាប់អ្នកដំណើរ ចំនួន៣០នាក់ អាចធ្វើដំណើរបានចម្ងាយ ២០០គីឡូម៉ែត្រ បន្ទាប់ពីសាកថ្ម រយៈពេល ៣០នាទី។ ក្រុមហ៊ុននេះមានផែនការបង្កើនចម្ងាយដល់ ៤០០គីឡូម៉ែត្រ ឬ ៨០០គីឡូម៉ែត្រនាពេលខាងមុខ។

ក្រុមហ៊ុន Heart Aerospace បានទទួលការបញ្ជាទិញ ចំនួន២៥០គ្រឿងរួចមកហើយ និងទទួលការពិចារណា ទិញជាង ៣០០គ្រឿង ផ្សេងទៀត។ ក្រុមហ៊ុនរំពឹងថា នឹងអាចផ្គត់ផ្គង់បាន នៅដើមឆ្នាំ២០២៨។ ក្រុមហ៊ុននេះអះអាងថា ការហោះហើរសាកល្បងដំបូង គ្រោងនឹងធ្វើឡើង នៅឆ្នាំក្រោយ ជាមួយនឹងការគ្មានមនុស្សបើក។

ក្រុមហ៊ុន Heart Aerospace នេះបានរៃអង្គាសមូលនិធិ បានចំនួន១៤៥លានដុល្លារអាមេរិក លើការបង្កើត គំនិតផលិតយន្តហោះនេះ។ បណ្តាក្រុមហ៊ុនអន្តរជាតិធំៗ បានគាំទ្រផ្នែកហិរញ្ញវត្ថុ មានដូចជា United Airlines, Air Canada, Saab, European Investment Council, និង Mesa Air Group ជាដើម៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner