ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩មានអត្តពលិកចូលរួមជាងបីពាន់នាក់មកពី៥១ប្រទេស
សៀមរាប៖ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩ ប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្តកាលពីព្រលឹមនៃព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អធិបតីភាពពីឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងព្រឹត្តិការណ៍លើកនេះមានអត្តពលិកចំនួន៣.០២១នាក់មកពីបណ្ដាប្រទេសចំនួន៥១បានចូលរួម។លោក ឡុង កុសល អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញចូលរួមនៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរទី៩នេះដែរ។
សូមជម្រាបថា ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕
ដោយ៖ប៊ុន រដ្ឋា