ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅស្អាត មានបរិស្ថានបៃតង និងមានចីរភាព

(ខេត្តកំពត)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។

ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង ។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែល កៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ ក្នុងនិងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាននិងការអភិវឌ្ឍរបស់កម្ពុជា ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការរបស់ក្រសួងទាំងអស់ បានខិតខំប្រែងប្រែងបំពេញភារកិច្ច ឆ្លងកាត់ឧបសគ្គ ការលំបាក ទាំងយប់ថ្ងៃ ដើម្បីបុព្វហេតុបរិស្ថានកម្ពុជា ហើយកន្លងមកត្រូវបានក្រុមអគតិមួយចំនួន រស់នៅក្រៅច្បាប់ នៅបរទេស ដែលមើលមិនឃើញពីការលះបង់ខ្ពស់ មើលងាយស្មារតីស្នេហាជាតិ ការស្រឡាញ់បរិស្ថាន ពេលខ្លះប្រឈមនឹងការបាត់បង់អាយុជីវិត របស់ក្រុមគ្រួសារបរិស្ថានយើង។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសបន្តចូលរួមយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីបរិស្ថានកម្ពុជាយើងស្អាតតរៀងរហូត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner