ក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាកេរមរតកដ៏មានគុណតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ជាផ្លូវការនៃ គម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានប្រារព្ធពិធីអបអេសាទរដោយមានការវាយគង ទូងស្គរ នៅខាងមុខបរិវេណទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសនៃពិធីបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រេីនចំពោះសង្គមជាតិ និងប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានសំដែងនូវការសប្បាយរីករាយ និងប្រកបដោយក្តីមោទនភាពជាតិបំផុតចំពោះគម្រោងប្រវត្តិសាស្រ្ត ព្រែកជីកហ្វូណនតេជោដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម កិត្យានុភាពជាតិ ជាពិសេសការពង្រឹងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកកម្ពុជា ភ្ជាប់ទៅកាន់ពិភពលោកដ៏មានតម្លៃមហាសាល។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមគំាទ្រយ៉ាងទំហឹងចំពោះឆន្ទៈមនសិការស្នេហាជាតិខ្ពស់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានការអនុវត្តជាក់ស្តែងឆ្ពោះទៅរកភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត សំដៅបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើននៃមាតុភូមិកម្ពុជាដ៏រុងរឿង និងបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន ឯកភាពជាតិ និងជាមោទនភាពរបស់ជាតិយើងទំាងមូល៕
ដោយ ៖ ង៉ាន់ ទិត្យ