ក្លិបប្រដាល់គុនខ្មែរអន្តរជាតិនិងក្រុមហ៊ុនអប្សរាមេឌា សឺវីស ចុះអនុស្សរណៈផ្សព្វផ្សាយកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៤ ខែសីហាឆ្នាំ២០២៤មានពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្លិបប្រដាល់គុនខ្មែរអន្តរជាតិ(KKIF)ជាមួយក្រុមហ៊ុនអប្សរាមេឌា សឺវីស AMs ដែលជាបណ្ដាញផ្សព្វផ្សាយដ៏ធំនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងតេជះគុនខ្មែរ និងក្នុងបំណងផ្សព្វផ្សាយលើកស្ទួយអភិវឌ្ឍន៍វិស័យគុនខ្មែរ។
ក្នុងពិធីចុះហត្ថលេខាដែលប្រព្រឹត្តទៅនៅផ្សាជីបម៉ុងមេហ្គាម៉ល ២៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម
ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក លឹម ឃុនស៊្រុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន និងឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្លឹបប្រដាល់គុនខ្មែរអន្តរជាតិជាហត្ថលេខី។ ក្នុងព្រឹត្តិការណ៍ក៏មានការបង្ហាញកីឡាករថ្នាលជាច្រើនរូប ក្នុងនោះក៏មានកីឡាករបីរូបដែលនឹងចេញទៅហ្វឹកហាត់នៅក្លឹបប្រដាល់កីឡាករលំដាប់ពិភពលោក ផាក គីអៅ ប្រទេសហ្វីលីពីននៅពេលខឆាប់ៗខាងមុខនេះផងដែរ។
ឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ មានប្រសាសន៍ក្នុងឱកាសនេះថា ការចាប់ដៃសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន អប្សរាមេឌា សឺវីស មានរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន អប្សរាព័ត៌មាន ជាអ្នកទទួលផ្សព្វផ្សាយកម្មវិធីប្រដាល់គុនខ្មែរចំនួនពីរគឺ ផ្សព្វផ្សាយកម្មវិធី ប្រដាល់អាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីប្រដាល់តេជះគុនខ្មែរ។
ស្ថាបនិករូបនេះបង្ហាញនូវជំនឿចិត្តដ៏មុតមាំថា តាមរយៈកិច្ចសហការក្នុងភាពជាដៃគូនេះ នឹងជំរុញលើកកម្ពស់ អភិវឌ្ឍវិស័យប្រដាល់គុនខ្មែរបានកាន់តែទូលំទូលាយ ហើយ ក៏ជាផ្នែកមួយជួយបំផុសទាក់ទាញចំណាប់អារម្មណ៍យុវជនវ័យក្មេងកាន់តែស្រលាញ់ចូលចិត្តគុនខ្មែរកាន់តែច្រើន ដើម្បីកម្ពុជាទទួលបានធនធានបន្តវេនគុនខ្មែរ និងជួយឱ្យគុនខ្មែរកាន់តែល្បីសុះសាយទៅកាន់ឆាកអន្តរជាតិ។
ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា កន្លងទៅលោកបានចំណាយថវិកាផ្ទាល់ជាច្រើនក្នុងជួយដល់វិស័យប្រដាល់គុនខ្មែរ ។លោកបន្តថា ដើម្បីមានកីឡាករបន្តវេនប្រកបដោយគុណភាពទាំងក្នុងនិងក្រៅប្រទេស គឺមានតែការចាប់ផ្តើមពីកីឡាករថ្នាល និងប្រដាល់
តេជះគុនខ្មែរនេះទៅ។លោកបង្ហាញនូវភាពជាដៃគូផ្សព្វផ្សាយជាមួយក្រុមហ៊ុនអប្សរាមេឌា សឺវីស នឹងជួយជំរុញដល់ការបណ្ដុះ
បណ្ដាលកីឡាករវ័យក្មេង ក៏ដូចជាការទទួលបាននូវការគាំទ្រពីអ្នកឧបត្ថម្ភកម្មវិធី និងប្រជាពលរដ្ឋទូទៅ។
ចំណែកលោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាព័ត៌មាន បានថ្លែងថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ធំប្រចាំប្រទេសកម្ពុជា មានមោទនភាពណាស់ដែលបានចាប់ដៃសហការជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិលើការផ្សព្វផ្សាយសម្រាប់កម្មវិធីទាំងពីរនេះ ។លោកបន្តថា ការចូលរួមពីក្រុមហ៊ុនអប្សរាព័ត៌មានក្នុងការផ្សព្វផ្សាយនេះ បានក្លាយជាចំណែកមួយចូលរួមអភិរក្ស និងអភិវឌ្ឍគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅកាន់ឆាកអន្តរជាតិ ។ ម្យ៉ាវិញទៀត កិច្ចសហការផ្សព្វផ្សាយនេះវាក៏ជាការទាក់ទាញនូវផ្នត់គំនិតឱ្យយុវជនវ័យក្មេងមានការចាប់អារម្មណ៍ និងចូលហ្វឹកហាត់គុនខ្មែរកាន់តែច្រើន ជួយឱ្យធនធានគុនខ្មែរកាន់តែមានសក្ដានុពល។
សូមជម្រាបថា អនុស្សរណៈយោគយល់គ្នារវាងក្លឹបប្រដាល់គុនខ្មែរអន្តរជាតិនិងក្រុមហ៊ុនអប្សរា មេឌា សឺវីស ផ្តោតសំខាន់លើការជួយផ្សព្វផ្សាយកម្មវិធីប្រដាល់គុនខ្មែរចំនួនពីរ គឺ កម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីប្រដាល់តេជះគុនខ្មែរ។ កិច្ចសហការគ្នានេះមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី៤ សីហា ឆ្នាំ២០២៤ដល់ថ្ងៃទី៣ សីហា ឆ្នាំ២០២៥។ ចំពោះកម្មវិធីប្រដាល់ទាំងពីរខាងលើ កម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរនឹងផ្សាយលើកញ្ចក់ទស្សន៍អប្សរា និងទំព័រហ្វេសប៊ុក អប្សរារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅម៉ោង៧យប់ដោយប្រកួតតែពីរដងប៉ុណ្ណោះក្នុងមួយខែ និង កម្មវិធីប្រដាល់តេជះគុនខ្មែរ ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៧កន្លះយប់ ប្រកួតក្នុងមួយខែ ចំនួនពីរដង ៕
ដោយ៖ជាវ ចន្ធូ