ផលិតផល ជលផល កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) នាថ្មីៗកន្លងមកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំនិងទទួលបានលេខកូដសម្គាល់មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។
យោងតាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល(CAPFISH-Capture) បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះថា ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជា អាទិភាពចម្បងរបស់រដ្ឋបាលជលផល។
ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និង សុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ នឹងបទដ្ឋាន របស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួល ពាណិជ្ជកម្ម។
ប្រភពដដែលនេះបានលើកឡើងថា«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជា អាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា អូស្ត្រាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត» នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល ។
ឈរលើជំហរនេះដែរ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមាន អនុស្សារណៈ នៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះដើម្បីបើកទីផ្សារឪ្យ ផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ ។ កិច្ចការនេះទាមទារឱ្យ អាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានស៊ីមត្ថភាពគ្រប់គ្រាន់ ធានាមានលិតផលផលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ គ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ រដ្ឋបាលជលផល ដាក់ចេញ បាន «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព និងសុវត្ថិភាពផល ផលិតផល ជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បម្រើដល់ការនាំចេញ។
ទាក់ទិនក្នុងរឿងនេះប្រធាន ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថម បាធូ បានមានប្រសាសន៍ថា «ការចង្អុលបង្ហាញរបស់ឯកសារនេះ គឺផ្អែកតាម គោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែចំពោះសហគ្រាស និងអាជីវកម្មដែលមាន គោលបំណងនាំចេញផល ផលិតផលជលផលរបស់ខ្លួន។
ដោយឡែកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និង គុណភាព មានប្រសាសន៍ថា «អាជ្ញាធរមានសមត្ថកិច្ចផ្នែក៏ជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋាន សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) រដ្ឋបាលជលផល់បានដាក់លិខិតស្នើសុំផ្លូវការ បច្ចេកទេសរួចរាល់ហើយផងដែរ»។
ឯកឧត្តម ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គ ពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែក ជលផល ដោយអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យ ស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់ នាំចេញ។
ឯកឧត្តមបានធ្វើការពន្យល់ថា” នីតិវីធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបាន ជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋាន សុខភាព និងសុវត្ថិភាពម្ហូបអាហារ” DG-SANTE” កម្ពុជា មានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការ ទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់ កម្ពុជា “ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់ អនុវិស័យជលផលក្រោយប្រមូលផល»។
គួរបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA)នឹងស្នើសុំឱ្យអគ្គនាយកដ្ឋាន សុខភាព និងសុវត្ថិភាពម្ហូបអាហារ” DG-SANTE” ចុះមកវាយតម្លៃផ្ទៀងផ្ទាត់ ដើម្បីចុះឈ្មោះប្រទេសកម្ពុជា ជាមួយផលិតផល ផលផលដែលមាន ហានិភ័យទាបដូចជាទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ ធម្មជាតិទឹកសាប ៕
ដោយ ៖ ម៉ាដេប៉ូ