ថៃហៀរទឹកទំនប់ ជន់លិចរមនីយដ្ឋាន ភ្លាមៗ

បាងកក៖ កាសែតថៃបានចេញផ្សាយថា ទំនប់ Khun Dan Prakarnchon នៅថ្ងៃចន្ទនេះ បានហៀរហូរ បង្កជាទឹកជំនន់ភ្លាមៗ ឬ Flash Flood នៅខេត្ត Nakhon Nayok ភាគកណ្តាលប្រទេស ជន់លិចទាំងលំនៅដ្ឋាន រមណីយដ្ឋាន និង យានជំនិះ ជាច្រើនគ្រឿង។

កាសែត The Nation បានចេញផ្សាយថា ទឹកបានចាប់ផ្តើមហូរចេញពីទំនប់ នៅម៉ោងប្រហែល ២ ទៀបភ្លឺ។ អ្នកស្រុកត្រូវធ្វើដំណើរតាមទូក ខណៈដែលអ្នកទេសចរជាប់គាំង នៅក្នុងអគារ។ បុគ្គលិកនៅតាមរមណីយដ្ឋានមួយចំនួន បានជម្លៀសអ្នកទេសចរ ទៅកាន់ទីទួលខ្ពស់ សុវត្ថិភាព។

បុគ្គលិក នៅរមណីយដ្ឋាន បានរៀបរាប់ពីការឃើញសញ្ញានៃទឹកជំនន់តិចតួច នៅពាក់កណ្តាលអធ្រាត្រ ប៉ុន្តែ កម្ពស់ទឹកស្រាប់តែហក់ឡើងយ៉ាងលឿន ដល់កម្រិតខ្ពស់ខ្លាំង ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ យ៉ាងណាមិញ គ្មានណាម្នាក់រងរបួសនោះទេ ប៉ុន្តែ អគាររមណីយដ្ឋានចំនួន១២កន្លែង ក៏ដូចជា រថយន្តជាច្រើន ដែលចតនៅក្នុងបរិវេណនោះ បានរងការខូចខាត នេះបើតាមកាសែត The Nation ដដែល។

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ប្រចាំខេត្ត Nakhon Nayok បានព្រមានដល់ប្រជាជន ដែលរស់នៅខាងក្រោមទំនប់ទឹកថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃចន្ទនេះ បរិមាណទឹកច្រើនកំពុងហូរហៀរ ដូច្នេះ ពួកគេគួរតែយករបស់របរ មានតម្លៃ ទៅកាន់ទីទួលខ្ពស់។ ប្រភពបានបន្ថែមថា កម្រិតទឹកនៅក្នុងខេត្ត Nakhon Nayok បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរ នេះបើតាមកាសែត Bangkok Post៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner