ឯកឧត្តម អភិ ស សុខា រំពឹងជឿជាក់ថា ជើងឯក និងពានរង្វាន់របស់ឯកឧត្តម លើកទី២ ឆ្នាំ២០៥ ការចូលរួមប្រកួតប្រជែងពីបណ្តារាជធានីខេត្តនឹងមានភាពផុសផុលកាន់តែខ្លាំង
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូក នាគ” ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ” លើកទី១ ឆ្នាំ២០២៤ ដែលដំណើរការអស់រយៈពេល៣ថ្ងៃ នៅក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បានបញ្ចប់ ដោយជោគជ័យ។
ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងថា យោងតាមរបាយការណ៍ប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា បណ្តាខេត្តដែលមានសក្កានុពលមួយចំនួនមិនបានចូលរួមជាសមាគម និងជាសមាជិកសហព័ន្ធ ដើម្បីបញ្ជូនកីឡាករកីឡាការិនីឱ្យមកចូលរួមប្រកួតនៅឡើយនោះទេ។
ឯកឧត្តម សង្ឈឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតលើកការប្រទី១ពានរង្វាន់របស់ឯកឧត្តមនេះ អភិបាលរាជធានីខេត្ត ដ៏ទៃទៀត នឹងបន្តជំរុញការផ្សព្វផ្សាយ និងចូលរួមក្នុងវិស័យកីឡាមួយនេះឱ្យកាន់តែផុសផុលនៅពានរង្វាន់លើកទី២ នៅឆ្នាំ២០២៥។
ឯកឧត្តម បានលើកឡើងទៀតថា ជាការពិតណាស់ ការប្រកួតមានរយៈពេលតែបីថ្ងៃក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំនឹងការតស៊ូព្យាយាម គោរព វិន័យ ប្រកបដោយក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅក្នុងការប្រកួត។
ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា កីឡាករ កីឡាការិនី បានជ្រាបស្រាប់ហើយថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ខាងមុខនេះផងដែរ។
ទន្ទឹមគ្នានេះផងដែរ សមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសមានការ ចូលរួមពីកីឡាករ កីឡាការិនីជាយុវជន ដែលជាថ្នាលនិងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅ អនាគត ដែលជាតម្រូវការរបស់សហព័ន្ធ។
ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡាទូកផ្កាចារ ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា“ទូកនាគ” កាន់តែមានវឌ្ឍនភាព ទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ទទួលបានលទ្ធផលល្អ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម
៖ ១-ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ កីឡាការិនីវ័យក្មេង នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។
២-ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ មានជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្តនិងក្រសួងពាក់ព័ន្ធចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួល ក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
៣-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំង ប្រទេស ដោយផ្តោតសំខាន់ លើការបំពេញភារកិច្ចរបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
៤-ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតបានគ្រប់កម្រិត។
៥-ត្រូវខិតខំស្វែងរកដៃគូរសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើត ព្រឹត្តិការណ៍ប្រកួត ឱ្យបានច្រើន តាមដែលអាចធ្វើបាន។
៦-ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ- អន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
៧-បំផុសចលនាឱ្យមហាជនយល់ពីនិយមន័យ “កីឡារស់ក្នុងសន្តិភាព” និងចូលរួមលេង កីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងអស់ បានចូលរួមសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់ នេះឡើងឲ្យទទួលបានជោគជ័យតាមផែនការសកម្មភាពរបស់សហព័ន្ធដែលបានគ្រោងទុក ៕
រូបភាព បូរិន ជីម ភារ៉ា និងមឿង គឹម រ៉ុង