២២ក្រុមចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពពាន រង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជន គណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤ បានបើកការប្រកួតផ្លូវការ ដោយមានក្រុមចូលរួមប្រជែងចំនួន២២ក្រុម មកពីក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន។
លោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្ស ថ្នាក់ កណ្តាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ដោយមាន ការឯកភាពដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាន អនុញ្ញាតឱ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្ស ថ្នាក់កណ្តាល រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាបាលទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្ស ក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និង ឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោម ការដឹកនាំប្រកបដោយភាពប្រសព្វរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា ដែលជាអគ្គមគ្គទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់។
លោក ណុប រតនៈ បាន បន្ថែមទៀតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក៏ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញ និងលើកកម្ពស់ការអប់រំកាយ និងកីឡានៅព្រះរាជាណា ចក្រកម្ពុជា ដោយឈរលើស្មារតី «កីឡារស់ក្នុងសន្តិភាព» ឱ្យក្លាយជាចលនាកីឡាដ៏រស់រវើកសម្រាប់ យុវជន និងប្រជាជនរួមចំណែកដល់យុទ្ធនាការ ជាតិស្តីពី«ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយយ៉ាងតិច ប្រចាំជីវិត» ដែលនាំមកនូវវិន័យមិត្តភាព សាមគ្គីភាព សុខុមាលភាព និងការរស់នៅក្នុងសង្គម ប្រកបដោយសុខដុមរមនា ព្រមទាំងជៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ។
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់ បន្ថែមថា ព្រឹត្តការណ៍ប្រកួតកីឡាបាលទាត់មិត្តភាពនេះ គឺដើម្បីចូលរួមអបអរសាទរ «ទិវា សន្តិភាពនៅកម្ពុជា » និងសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញសម្រាប់កម្ពុជា និងក្រើនរំលឹកយុវជន គ្រប់ស្រទាប់ឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាល មកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពី អតីតកាល ជាពិសេសបំផុសស្មារតីយុវជនជំនាន់ក្រោយ ឱ្យបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាពនេះជាដាច់ខាត៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ