ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៦ នៃ HLTF-ACV នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ របស់កម្ពុជា (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៦ នៃ HLTF-ACV ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ។
កិច្ចប្រជុំបានពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខ អាស៊ាន នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំក្រោយឆ្នាំ ២០២៥។
នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិម៉ាឡេស៊ី (Institute of Strategic & International Studies Malaysia) និងអគ្គលេខាធិការនៃលេខាធិការដ្ឋានវេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum Secretariat) ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើអោយផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងនេះ ក្រុមការងារ HLTF-ACV ក៏បានជួបជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF on ASEAN Economic Integration – HLTF-EI) សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan) និងគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee – ACCC) ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមក លើវឌ្ឍនភាពនៃដំណើរការតាក់តែងរៀបចំផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ របស់សសរស្តម្ភទាំង៣ និងការតភ្ជាប់អាស៊ាន ៕
ដោយ សួង ពិសិដ្ឋ