ក្រសួងអធិការកិច្ច បានរៀបចំការវាយជួង ទូងស្គរ និងវាយឃ្មោះ ដើម្បីអបអរសាទរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»
ភ្នំពេញ៖ សាមគ្គីជាតិខ្មែរជាធ្លុងមួយបង្កើតបាននូវ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រដំបូងបំផុតរបស់កម្ពុជា ដែលជាកាតាលីករបង្កើតឱ្យមានសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីសម្រាប់ថ្ងៃអនាគត ដើម្បីប្រយោជន៍ប្រជាជន ជារបស់ប្រជាជនកម្ពុជា និងដើម្បីប្រទេសកម្ពុជា។
នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីស្ដីការក្រសួងអធិការកិច្ច លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចព្រមទាំង ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បានសម្តែងនូវការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការរៀបចំវាយជួង ទូងស្គរ និងវាយឃ្មោះក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គឺជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា។
គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់ ៕
ដោយ ៖ ហេង សម្បត្តិ