វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា
(ភ្នំពេញ)៖ ក្រុមអ្នកនិវិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បានបង្ហាញនូវការចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល និងភោជនីយកដ្ឋានជាដើម នៅក្នុងប្រទេសកម្ពុជា ។
ក្នុងពេលមកសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នកពាក់ព័ន្ធនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) បានឲ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ ៧ឆ្នាំមកហើយ ជាមួយនឹងការនាំអ្នកវិនិយោគមកកម្ពុជាជាច្រើន ហើយពេលនេះ បាននាំអ្នកវិនិយោគបន្ថែមទៀតមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយចង់បង្កើតក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជាជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។
លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយនឹងបន្តនាំអ្នកវិនិយោគ កាន់តែច្រើនបន្ថែមទៀត នៅជុំវិញពិភពលោក ដើម្បីចូលរួមលើកកម្ពស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និងសមាគមភោជនីដ្ឋានហាឡាជាដើម ។
សម្រាប់អ្នកវិនិយោគិនទាំងនោះ លើកឡើងថា កម្ពុជាមានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជាមួយនឹងការមានបទពិសោធន៍ ផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប ហើយពួកគេ គឺមានបំណងយកនាំមកនូវការវិនិយោគ បែបស្ដង់ដារអន្តរជាតិជាច្រើនទៀត មកកាន់កម្ពុជា រួមទាំងការនាំយកផលិតផលពីកម្ពុជា ទៅកាន់ពិភពលោក ។
ពួកគេបានបន្តថា ជាមួយនឹងការមានបទពិសោធន៍ និងការិយាល័យក្រុមហ៊ុន នៅក្នុងប្រទេសចំនួន ១៨ ជុំវិញពិភពលោក ដែលកំពុងផ្តោតសំខាន់ លើទេសចរណ៍វេជ្ជសាស្រ្ត ហើយក៏ចង់ធ្វើការវិនិយោគវិស័យនេះ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកនូវភោជនីយកដ្ឋានបែបឥណ្ឌា និងអារ៉ាប់ជាដើម ខណៈដែលកម្ពុជាក៏មានស្ថិរភាពនយោបាយល្អ ជាអ្វីដែលអ្នកវិនិយោគបរទេសចង់បាន និងមានទំនុកចិត្ត ។
ក្នុងដំណើរស្វែងរកឱកាសវិនិយោគនេះ វិនិយោគិនឌូបៃ ឥណ្ឌា និងសិង្ហបុរី ក៏មានគម្រោងជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលក្នុងនោះមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាដើម ៕
ដោយ ៖ ហេង សម្បត្តិ