សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋទូទាំងប្រទេស ដែលរួមគ្នាគាំទ្រការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកល វិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥៦១នាក់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអរគុណដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលបានរួមគ្នាគាំទ្រ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយសម្តេចបានឃើញពីការវាយស្គរ វាយគងគាំទ្រជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំបានឃើញនូវស្មារតី ដែលអាចនិយាយបានថា មិនមែនជាគម្រោងព្រែកជីកធម្មតា នោះទេ តែជាស្មារតីជាតិរួមគ្នា ដើម្បីពង្រឹងឯករាជ្យជាតិ អធិបតេយ្យជាតិ ។
សម្តេចធិបតី បានបន្តថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ”។ តាមរយៈព្រែកជីកនេះ គឺជាការពង្រឹងខ្លួនឯងលើគ្រប់វិស័យ ។
សូមជម្រាបថា បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានគូសរំលេចថា អតីតរាជធានីអង្គបុរី ក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥ បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។ដូច្នេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តតាមចក្ខុវិស័យមេដឹកនាំអាណាចក្រហ្វូណន។
សម្ដេច បញ្ជាក់ថា តាមរយៈការសាងសង់ព្រែកជីកហ្វូណនតេជោ ជាការបង្ហាញដល់បុព្វបុរសខ្មែរសម័យហ្វូណនថា កូនខ្មែរពីរពាន់ឆ្នាំក្រោយបានប្រឹងប្រែងរួបរួមគ្នាប្រមូលផ្តុំកម្លាំងកសាងជាតិឡើងវិញ។ ព្រែកជីកហ្វូណនតេជោ មិនត្រឹមបម្រើពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ តែក៏បម្រើដល់ប្រព័ន្ធធារាសាស្ត្រជួយដល់ការស្រោចស្រពក្នុងវិស័យផងដែរ។
សម្ដេចធិបតីបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា។ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើន។
សម្តេចធិបតីបានបន្ថែមថា យើងរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ឆ្នាំក្រោយ យើងនឹងរួមគ្នាធ្វើដំណើរតាមព្រែកជីកនេះ។ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅអមសងខាងព្រែកជីក មានជីវភាពល្អប្រសើរ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សម្ដេចប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ