រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហា ដែលពលរដ្ឋ អត់ដីប្រើប្រាស់
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ ការរំលោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋ អត់ដីប្រើប្រាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញ នូវគោលនយោបាយដីធ្លីថ្មីមួយ ដែលមានសារៈសំខាន់ លើការទប់ស្កាត់ការកាប់ទន្ទ្រាន់ដីធ្លី ហើយអាចពន្លត់ការព្រួយបារម្ភ បញ្ហាបាត់បង់ទឹកដី ដែលកំពុងផ្ទុះការចាប់អាម្មណ៍ខ្លាំង លើបណ្តាញសង្គម ។
សម្តេចបញ្ជាក់ថា គោលនយោបាយថ្មីនេះ រៀបចំឡើង ដើម្បីពន្លត់ និងដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ពីសំណាក់ជនខិលខូច និងឈានទៅដល់ការដោះស្រាយ ជូនប្រជាជនដែលមិនទាន់មានដីធ្លីថែមទៀតផង ប្រៀបបាន ជាព្រួញមួយ បាញ់បានសត្វពីរ ក្នុងពេលតែមួយ ។
សម្តេចធិបតី បន្តថា គោលនយោបាយដីធ្លី ដែលរាជរដ្ឋាភិបាល គឺប្រើប្រាស់ប្រជាជន ដើម្បីការពារដីធ្លី ជាពិសេស ការទប់ស្កាត់ការទន្ទ្រានដីធ្លី ហើយក្នុងនោះ ទិសដៅនៅក្នុងភាគឦសាន ក៏ដូចជានៅទិសសំខាន់មួយចំនួន នឹងត្រូវយកជាទិសដៅ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងបានរៀបចំផែនការនេះហើយ កិច្ចការងារ និងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្ទ្រានដីធ្លី ក៏ដូចជា បញ្ហាប្រជាជនអត់ដី ។ ដាក់គោលនយោបាយនេះ ដើម្បីមួយព្រួញ បាញ់សត្វពីរ ហើយគោលនយោបាយនេះ នឹងជួយពន្លត់នូវការព្រួយបារម្ភ អារឿងបាត់ទឹកដីនេះទៀត ដែលយើងនឹងប្រកាស នៅពេលដ៏ខ្លីបខាងមុខ ។
សម្ដេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលច្បាស់ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធានា ព្រោះខ្ញុំ មិនមានគោលការណ៍ ស្ពាយប្រពន្ធកូនខ្ញុំ ទៅណាទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ