នាយករដ្ឋមន្ត្រី ៖ CLV គឺជាគម្រោងសហប្រតិបត្តិការរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា CLV គឺជាគម្រោងសហប្រតិបត្តិការរួមគ្នា និងអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយកូនខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រកាសអំពាវនាវ ជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភអំពីផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែលស្ថិតក្នុងគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម សម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺពលរដ្ឋ ដែលកំពុងរស់នៅទីនោះតែម្តង ។
សម្តេច ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់ របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវឱ្យជនរួម ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្តនៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។
សម្តេចធិបតី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងសាងសង់ផ្លូវ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅតំបន់កន្ទុយនាគ ដែលសម្តេចថា ជាចំណោទមួយដែលអាចមានគ្រោះថ្នាក់ ។ សម្តេច ថា ត្រូវធ្វើយ៉ាងណា ដើម្បីឱ្យបានផ្លូវ នៅក្នុងដីរបស់យើង ដើម្បីចូលទៅដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែររបស់យើង បានទៅដល់កន្លែងនោះ ហើយខ្ញុំក៏ចង់ទៅដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ធានាអះអាងថា គ្មានប្រទេសណាមួយ អាចមកលេបទឹកដីខេត្តទាំងបួន របស់កម្ពុជា ដោយសារតែកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះឡើយ ហើយសម្តេច ក៏មិនចេះតែនិយាយ និងនាំប្រពន្ធកូន រត់ចោលស្រុក ដូចអ្នកខ្លះនោះដែរ ជាពិសេស គឺក្រុមជ្រុលនិយមនេះតែម្តង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេច ចង់បានបំផុត ឱ្យមានវិនិយោគិនខ្មែរ ក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់ (CLV-DTA) ឱ្យបានច្រើន ។
សម្ដេច ថា តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជា ជាមួយប្រទេសជិតខាង (CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជា មានបរទេសជាច្រើន ទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះ មានដូចជា៖ អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។
សម្ដេចធិបតី បានបញ្ជាក់ថា ផែនការអភិវឌ្ឍនៅតំបន់ព្រំដែន នៃខេត្តទាំងបួនរបស់កម្ពុជា ជាមួយប្រទេសជិតខាង (CLV-DTA) នេះ គឺជាផែនការអភិវឌ្ឍដែលមានការកសាង រៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែង ពីប្រទេសជាច្រើន ក្នុងនោះមានដូចជា៖ អាល្លឺម៉ង់ និងជប៉ុន ជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ ។
សូមជម្រាបថា តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំង៣ (កម្ពុជា ឡាវ វៀតណាម) មានចំនួន១៣ខេត្ត ៖ ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជាមានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។
តំបន់ត្រីកោណអភិឌ្ឍន៍នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាម ជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ