ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមជាង ៣ពាន់នាក់ ក្នុងនេះអត្តពលិកអន្ដរជាតិ ជិត ១ពាន់នាក់ មកពី ៥១ប្រទេស

(សៀមរាប)៖ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី៩ (9th Angkor Empire Marathon) ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ទាក់ទាញអ្នកចូលរួមសរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកអន្ដរជាតិចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី រំពឹងថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងចុងឆ្នាំនេះ នឹងមានអត្តពលិកច្រើនបន្តចូលរួម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៣ រួមមាន៖
១-ផ្ដោតការយកចិត្តទុកដាក់ទៅលើភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
២-រត់ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
៣-រត់ដើម្បីថែរក្សាសោភ័ណ្ឌភាព អនាម័យ បរិស្ថាន នៅតំបន់បេតិកភណ្ឌអង្គ និងចូលរួមលើកកម្ពស់ប្រតិបត្តិការទេសចរណ៍ នៅខេត្តសៀមរាប។

ចំពោះលទ្ធផលបច្ចេកទេស វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ផ្នែកបុរស – លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករជប៉ុន Yuki Kaneyama លេខ៣ កីឡាករវៀតណាម Dai Be Thanh ប្រើ។ វិញ្ញាសា រត់ចម្ងាយ ៤២គីឡូម៉ែត្រ ផ្នែកនារី – លេខ១ កីឡាការិនីអៀកឡង់ Caitriona Jennings លេខ២ កីឡាការិនីវៀតណាម Nguyen Thi Linh លេខ៣ កីឡាការិនីចិន Qi Wang ។ វិញ្ញាសាពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករកម្ពុជា Lai Terence លេខ២ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត លេខ៣ កីឡាករកម្ពុជា Kuniaki Takizaki ។ វិញ្ញាសាពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកនារី – លេខ១ កីឡាការិនីសង្ហបុរី Vernagoh Shilei លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម លេខ៣ កីឡាការិនីជប៉ុន Ota Natsuko និងមានលទ្ធផលវិញ្ញាសផ្សេងទៀតផងដែរ ៕

អត្ថបទ-រូបភាព ចាន់ វិចិត្រ និងងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner