រយៈពេល ៦ខែរឿងក្តីជាង ៧៨០០០ត្រូវបានតុលាការទូទាំងប្រទេសបានចាត់ការរួចរាល់
(ភ្នំពេញ)៖ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤ភាគរយ នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៤នាទីស្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា៖ក្នុងចំណោមរឿងក្តីទាំងនេះគឺ ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖កន្លងមកនេះ គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ទី១យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ឯកឧត្តមបានថ្លែងដោយបញ្ជាក់បន្ថែមថា៖សម្រាប់លទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញ និង ពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះដែរគេក៏ទទួលបានលទ្ធផលមួយចំនួនទៀតដូចជា៖គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែល យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។
ឯកឧត្តមជិនម៉ាលីនបានថ្លែងឱ្យដឹងដែរថា”រយៈពេល ៦ខែ គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប ១ ៤៧៤ ក្នុងនោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមានចំនួនសរុប ៧៨៦ ស្មើនឹង ៥៣ភាគរយ។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០ភាគរយ”។
ឯកឧត្តមបានប្រាប់ផងថាសម្រាប់ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្ដឹង ស្មើនឹង ៤៧ភាគរយ។ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦ភាគរយ នៃបណ្ដឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង ៦៩៨។ក្រៅពីនេះ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញសេចក្តីសម្រេចដោយមាន សំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ១៤ ករណី មានភាពសង្ស័យថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ, ៩ ករណី បានចាត់ឱ្យមាន ការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថាក្នុងក្របខណ្ឌនៃយុទ្ធនាការនេះដែរ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានធ្វើការ សម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្តដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ៩២រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត