កម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងនៅកម្ពុជា ផ្ទុះការគាំទ្រខ្លាំង

ភ្នំពេញ៖ «Metfone Stars» ដែលជាកម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីទទួលការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូលើប្រព័ន្ធបណ្តាញសង្គម។

ថ្លែងក្នុងកម្មវិធី «Metfone Stars» វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី លោក កាវ ម៉ាញ ដឹក អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែល «Metfone Stars» ក្លាយជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នាលើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា និងអភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ។ លោកអគ្គនាយកបន្ថែមថា នៅទីបំផុត Metfone អាចសម្រេចគោលបំណងបានហើយ ដែលនេះជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី «Metfone Stars» ផ្តើមចេញពីបេក្ខជនដាក់ពាក្យប្រលងរាប់រយនាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូលមកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសាចំនួនពីរជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ និងប្រធានបទការផ្សព្វផ្សាយពីសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន។

សូមបញ្ជាក់ថា ម្ចាស់ពានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី Metfone Stars និងទឹកប្រាក់រង្វាន់ ២០លានរៀល ទូរស័ព្ទមួយគ្រឿង ព្រមទាំងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុនមិត្តហ្វូន។ ម្ចាស់ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់រង្វាន់ ១០លានរៀល ទូរស័ព្ទមួយគ្រឿង ហើយម្ចាស់ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់រង្វាន់ ៤លានរៀល ទូរស័ព្ទមួយគ្រឿង រួមជាមួយកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុនមិត្តហ្វូន។ រីឯបេក្ខជនឆ្នើមទាំង ៧រូបទៀត ក៏ទទួលបានទូរស័ព្ទម្នាក់មួយគ្រឿង ព្រមទាំងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុនមិត្តហ្វូនផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner