ប្រព័ន្ធទ្រទ្រង់ចរន្តមហាសមុទ្រអាត្លង់ទិក អាចដួលរលំនៅទស្សវត្សរ៍ឆ្នាំ ២០៣០
ឡុងដ៍៖ ប្រព័ន្ធទ្រទ្រង់ចរន្តមហាសមុទ្រអាត្លង់ទិក ដែលអាចធ្វើឲ្យសីតុណ្ហភាពមហាសមុទ្រប្រែប្រួល អាចដួលរលំ នៅចុងទសវត្សរ៍ឆ្នាំ ២០៣០។ នេះបើតាមការសិក្សាថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រ។
ការសិក្សារបស់សាកលវិទ្យាល័យ Utrecht នៃប្រទេសហូឡង់ គូសបញ្ជាក់ថា នេះជាគ្រោះមហន្តរាយដ៏ធំរបស់ភពផែនដី ដែលនឹងផ្លាស់ប្តូរសីតុណ្ហភាព និងអាកាសធាតុពិភពលោក។
មូលហេតុដែលនាំឱ្យប្រព័ន្ធទ្រទ្រង់ចរន្តមហាសមុទ្រអាត្លង់ទិកអាចដួលរលំ ដោយសារសីតុណ្ហភាពទ្រទ្រង់មហាសមុទ្រកាន់តែទន់ខ្សោយ ជាពិសេសជាតិប្រៃនៃទឹកសមុទ្រកាន់តែបាត់បង់ ដោយសារតែការប្រែប្រួលអាកាសធាតុ បង្កឡើងពីស្នាដៃមនុស្ស។
លោក René van Westen អ្នកស្រាវជ្រាវផ្នែកសមុទ្រ និងដឹកនាំការសិក្សានេះនិយាយថា រឿងនេះគឺពិតជាគួរឱ្យព្រួយបារម្ភណាស់។ លោកបានប្រាប់ទូរទស្សន៍ CNN ថា ការផ្លាស់ប្តូរអាកាសធាតុ ដូចជារលកកំដៅ, គ្រោះរាំងស្ងួត និង ទឹកជំនន់នឹងកើតឡើងកាន់តែញឹកញាប់។
រីឯលោកបណ្ឌិត Stefan Rahmstorf អ្នកស្រាវជ្រាវផ្នែកកាយវប្បកម្មនៅសាកលវិទ្យាល័យ Potsdam ក្នុងប្រទេសអាល្លឺម៉ង់ បាននិយាយថា ការដួលរលំនៃប្រព័ន្ធទ្រទ្រង់ចរន្តមហាសមុទ្រអាត្លង់ទិក គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលយើងគួរតែធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីជៀសវាង។