អ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធការពារដែន អាកាស ខណៈរុស្ស៊ីវាយលុករដ្ឋធានីគៀវ
គៀវ: ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា គ្រាប់មីស៊ីល និងយន្តហោះដ្រូនជាច្រើនរបស់រុស្ស៊ី បានតម្រង់គោលដៅទៅលើរដ្ឋធានីគៀវ និងតំបន់ជុំវិញ កាលពីល្ងាចថ្ងៃចន្ទ បង្ខំឱ្យអាជ្ញាធរដាក់ពង្រាយប្រព័ន្ធការពារដែនជាការឆ្លើយតប។
ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្រោយម៉ោង ១១យប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដែលនេះជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ អ្នកយកព័ត៌មាន AFP បានឮការផ្ទុះយ៉ាងខ្លាំងនៅភាគខាងកើត និងកណ្តាលនៃរដ្ឋធានី។
ប្រមុខរដ្ឋបាលយោធាទីក្រុងគៀវ លោក Sergiy Popko បាននិយាយនៅលើបណ្តាញសង្គម Telegram ថា សត្រូវបានវាយប្រហារដោយមីស៊ីល ដោយកំណត់ទិសដៅលើរដ្ឋធានីគៀវ និងតំបន់ជាយក្រុងផ្សេងទៀត។ លោកបន្តថា យោងតាមព័ត៌មានបឋម មីស៊ីលរបស់សត្រូវត្រូវបានកម្ទេច ដោយកងកម្លាំងការពារដែនអាកាស និងឧបករណ៍ប្រតិបត្តិការនៅក្នុងរដ្ឋធានីគៀវ និងនៅជាយក្រុងជិតខាង។
លោកបន្ថែម ថា រហូត មក ដល់ ពេល នេះ មិនមានសេចក្តីរាយការណ៍ពីការ ខូច ខាត ឬអ្នករងរបួសនៅក្នុងរដ្ឋធានីគៀវទេ។ អភិបាលក្រុងគៀវ លោក Vitali Klitschko ក៏បានអះអាងដែរថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានដាក់ពង្រាយ ដើម្បីស្ទាក់ចាប់យន្តហោះដ្រូននៅទូទាំងរដ្ឋធានីគៀវ។
រដ្ឋធានីគៀវបានរាយការណ៍ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានបំផ្លាញផ្នែកមួយនៃមន្ទីរពេទ្យកុមារក្នុងខែកក្កដា។
តួយ៉ាង កាលពីថ្ងៃពុធសប្តាហ៍មុន រុស្ស៊ីបានបើកការវាយលុកដោយយន្តហោះដ្រូនចំនួន ៨៩ គ្រឿងទៅលើប្រទេសអ៊ុយក្រែន ក្នុងនោះជាង ៤០ គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋធានីគៀវ និងតំបន់ជុំវិញ ដោយប្រព័ន្ធការពារដែនអាកាសដ៏ធំបំផុតក្នុងរយៈពេលជាច្រើនខែមកនេះ៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា