ឧបនាយករដ្ឋមមន្រ្តីទៀ សីហា ក្លាយជាប្រធានសហព័ន្ធកីឡាវាយកូនគោលអាណត្តិថ្មី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានមហាសន្និបាត បោះឆ្នោតគាំទ្រជាប់ជាប្រធាន សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងអាណត្តិទី៦ ដែលជាអាណត្តិថ្មី ២០២៤ ដល់ ឆ្នាំ២០២៨ ។

ការគាំទ្រនេះ បានធ្វើឡើង នៅក្នុងមហាសន្និបាតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ចប់អាណត្តិទី៥ ឆ្នាំ២០២០ ដល់២០២៤ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៤ដល់២០២៨ នាព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤ អាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោម ការអញ្ជើញចូលរួម ពីឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធាណគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់អាណត្តិថ្មីទី៦នេះ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានចំនួន ២០រូប .សម្តេចពិជ័យ សេនា ទៀ បាញ់ ប្រធានអាណត្តិចាស់ ត្រូវបានគាំទ្រ ជាប្រធានកិត្តិយសវិញ. ឧបនាយក រដ្ឋមន្រ្តី ទៀ សីហា ជាប់ជាប្រធាន. អគ្គលេខាធិការ ឯកឧត្តម ជា បូរ៉ា. អគ្គហេរញ្ញិក ឯកឧត្តម កែវ រស់. អ្នកឧកញ៉ា លី ឃុនថៃ អគ្គលេខាធិការរង .ឯកឧត្តម ឆោម សំបូ អគ្គលេខាធិការរង .ឯកឧត្តម ហាប់អូម៉ាលី អគ្គលេខាធិការរង .ឯកឧត្តម ជួង សុខុន អគ្គលេខាធិការរង .លោក ជំទាវ តិមា វិច្ឆិកាល អគ្គលេខាធិការរង. ឧកញ៉ា ឡោក ដារិទ្ធ អគ្គលេខាធិការរង. លោក សុខ សុធារ៉ា អគ្គលេខាធិការង.លោក ម៉ើ បូរ៉ា សមាជិក. លោក ជំទាវ ស្រ៊ៀត មុំសុភា សមាជិក .និង លោក អ៊ឹម រ៉ាហ៊ុល សមាជិក .ខណៈលេខាដ្ឋានមាន៦រូប ដូចជា .ឯកឧត្តម គង់ សុធារិទ្ធ ប្រធានលេខាធិការដ្ឋាន. លោក ង៉ូវ ឈុនឡុង ផ្នែកទំនាក់ទំនងអន្តរជាតិ. លោក ស្រី ហេង ស្រីពៅ ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ .លោក សួន វិសាល ផ្នែកច្បាប់ពិន្ទុ. កញ្ញា មួង សិលា ផ្នែកបច្ចេកទេស. និង លោក សុខុម ឡាជេះ ផ្នែកព័ត៌មាននិងបច្ចេកវិទ្យា។

ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មីនេះ សហព័ន្ធបានដាក់ចេញនូវទិសដៅ៥ចំណុចធំៗដូចជា៖ ១. បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយ ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នអន្តរជាតិ ព្រមទាំងសហការជាមួយបណ្តាក្លឹបទាំង អស់ ក៏ដូចជាសម្បុរសជន ឬក្រុមហ៊ុនឧបត្ថម្ភនានា ធានាឱ្យបាននូវកិច្ចសហការល្អ និង ភាពរីកចម្រើននៃវិស័យវាយកូនគោលកម្ពុជា ។ ២. ខិតខំឱ្យអស់ពីលទ្ធភាព លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចូលរួមបន្តដឹកនាំ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ជឿនលឿនបន្តទៅមុខ ទៀត។ ៣. ខិតខំស្វែងរកគ្រូបង្វឹកល្អៗ ដែលមានជំនាញបង្ហាត់បង្រៀនកម្រិតខ្ពស់ ថ្នាក់ជាតិ-អន្តរជាតិ មកបង្ហាត់បង្រៀនកីឡាករ កីឡាការិនីក្នុងស្រុកឱ្យកាន់តែសកម្ម មានភាពរីកចម្រើនបន្ត ទៀត និងស្នើសុំក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធ កីឡាវាយកូនគោលអន្តរជាតិ ដើម្បីបញ្ជូនកីឡាករ កីឡាការិនី ទៅបណ្តុះបណ្តាលក្រៅ ប្រទេសផងដែរ។ ៤. សហព័ន្ធនឹងខិតខំបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស សំដៅពង្រឹង និងបង្កើនសម្ថភាពឲ្យ កាន់តែប្រសើរជាងមុន។ និង៥. សហព័ន្ធនឹងខិតខំកៀរគររកប្រភពចំណូលពីបណ្តាសម្បុរសជន ក្រុមហ៊ុនឧបត្ថម្ភនានា ឬ ប្រភពផ្សេងៗទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីគាំទ្រការចំណាយ ដូចជាការ ជ្រើសរើសគ្រូល្អៗ បង្កើនការហ្វឹកហាត់ និងរៀបចំព្រឹត្តិការណ៍ប្រកួតនានាឲ្យបានកាន់តែ ច្រើនសម្រាប់ជាបទពិសោធន៍ ក៏ដូចជាការពង្រឹងសមត្ថភាព និងបច្ចេកទេសជំនាញ របស់កីឡាវាយកូនគោលកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការជំរុញអភិវឌ្ឍកីឡាវាយកូនគោល ឈានទៅដណ្តើមមេដាយ ជូនជាតិ នាពេលអនាគត ឯកឧត្តម ផ្តល់នូវអនុសាសន៍ណែនាំចំនួន ០៨ ចំណុច ដល់សហព័ន្ធកីឡាវាយកូនគោល ដូចខាងក្រោម៖ ១. ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍកីឡាវាយកូនគោល ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូចនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ។ ២. បង្កើតក្រុមការងារទីផ្សារនិងចលនូបត្ថម្ភ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រកួត ជាមួយ នឹងការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារ និងប្រតិទិនប្រកួតច្បាស់លាស់ ដើម្បីកៀកវិស័យឯកជន និងពង្រឹងភាពជាដៃគូជាមួយម្ចាស់ទីតាំងវាយកូនគោលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកការ រៀបចំព្រឹត្តិការណ៍ប្រកួតជាតិ-អន្តរជាតិ ដែលជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ និងលើក កម្ពស់វិស័យកីឡាវាយកូនគោលនៅកម្ពុជា ។ ៣. រៀបចំផែនការកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការ រៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ-អន្តរជាតិប្រកបដោយគុណភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិ របស់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ ។ ៤. ពង្រឹងសុខដុមនីយកម្មការងារផ្ទៃក្នុង និងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធ ស្របតាមគោល- ការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC ។ ៥.

រៀបចំកម្មវិធីកំណត់ទេពកោសល្យ និងអភិវឌ្ឍ សម្រាប់អត្តពលិកយុវជន ថ្នាល និងអត្តពលិកកម្រិតខ្ពស់ ដើម្បីឈានទៅធ្វើការ ប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។ ៦. បន្តខិតខំពង្រឹង និងពង្រីកក្លិបកីឡាវាយកូនគោលនៅកម្ពុជាជាមួយនឹងការជំរុញបង្កើនការចូលរួម សម្រាប់យុវជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាវាយកូនគោលទាំងបរិមាណ និងគុណភាព តាមរយៈកិច្ចសហការ និងកិច្ចគាំទ្រជាមួយទីលានវាយកូនគោលនៅតាមបណ្តារាជធានី-ខេត្ត ។ ៧. ពង្រឹងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុង ការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនគោលតាមរយៈថវិកាគាំទ្រប្រចាំឆ្នាំរបស់រដ្ឋ គាំទ្រក្រុម- ជម្រើសជាតិ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស អត្តពលិក និងមន្ត្រីជំនាញ ។ ៨. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសទំនាក់ទំនងស្អិតរមួតជាមួយសហព័ន្ធវាយកូនគោល អាស៊ី និងសហព័ន្ធវាយកូនគោលអន្តរជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិកីឡាវាយកូនគោល ជាប្រចាំ ក៏ដូចជាស្នើសុំគម្រោងអភិវឌ្ឍ ។

ទន្ទឹមនឹងនេះ សហព័ន្ធត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធកីឡាជាតិនៃបណ្តាប្រទេសដែលមានសក្តានុពលផ្នែកកីឡាវាយកូនគោលដើម្បីរៀបចំគម្រោងអភិវឌ្ឍរួមគ្នា និងស្នើសុំការគាំទ្រ ៕

រូបភាព និង អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner