សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ដល់គ្រួសារអាកាសយានិក ២រូប ដែលបានពលីជីវិតដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា៖ «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា និងកូនៗនៅតូច ដែលនៅមានអនាគតវែងឆ្ងាយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានសម្រេចផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ជម្នះការលំបាកដើម្បីជីវភាពរស់នៅតទៅថ្ងៃមុខ និងដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ។»

លោកស្រី ខាន់ ចាន់ឆុល ភរិយាវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកស្រី ឆែម កល្យាណ ភរិយាអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ព្រមទាំងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជន និងសូមបួងសួងសូមឱ្យ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងដរាប។

សូមបញ្ជាក់ថា ក្រោយពេលស្វាមីបានពលីជីវិត, ភរិយាត្រូវទទួលបន្ទុករែកពន់ជីវភាពគ្រួសារ ជាពិសេសសុទ្ធតែមានកូននៅតូចៗ ដែលនៅមានអនាគតវែងឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែមានក្តីសង្ឃឹម ព្រោះទទួលបានភាពកក់ក្តៅ ជាពិសេសគឺការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់រឹងមាំ បន្តជ្រោងជីវភាពគ្រួសារ និងដើម្បីកូនៗមានអនាគតភ្លឺស្វាង៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner