ឯកឧត្តម គួច ចំរើន ជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ទីររៀបចំដែនដី សំណង់ និងសូរិយោងដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយធានាបានថារាប់បណ្ណកម្មសិទ្ធិទាំងអស់ត្រូវឱ្យលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមផែនការរបស់ក្រសួងរៀបចំដែនដី ក្នុងការដាក់ចេញនូវផែនការក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យបានអស់ក្នុងឆ្នាំ២០២៥ ខាងមុខ ព្រមទាំងកាត់បន្ថយនូវទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដូចនេះមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការពន្លឿន និងពង្រឹង ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបានថា រាល់បណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវដល់ដៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់បន្ថែមថា៖ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកក្នុង ការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហា ទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចអោយបានប្រសើរឡើង ៕
ដោយ ៖ ង៉ាន់ ទិត្យ