រាជរដ្ឋាភិបាល បន្តជួយសម្របសម្រួលបងប្អូនពលការនីចំនួន ២៦នាក់បន្ថែមទៀតដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បានវិលត្រឡប់មកកាន់មាតុភូមិវិញ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និង សម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ២៦នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដែលអប្សរាទទួលបាននារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ។
គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យបងប្អូន ពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។ ការមកដល់របស់បងប្អូនពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។
ពលការនីដែលបានមកដល់មាតុប្រទេសវិញប្រកបដោយសុវត្តិភាព បានសំដែងនូវសេចក្តីសប្បាយរីករាយពីសំ ណាក់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានតាមដានជាប់ជាប្រចាំខិតខំប្រឹងប្រែងជួយ សួរនាំពីការហូបចុក ការស្នាក់នៅជាដើម ។
បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំង បានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព៕
ដោយ ៖ ង៉ាន់ ទិត្យ
ប្រភេពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ