លីបង់អាចជាទីតាំងផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់
បរទេស៖ ប្រទេសធំៗ ចំនួន១០ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កាណាដា កូរ៉េខាងត្បូង អារ៉ាប៊ី សាអូឌីត ជប៉ុន ទួកគី និងហ្ស៊កដានី នាពេលថ្មីៗនេះ បានជំរុញឱ្យពលរដ្ឋរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ៊ីរ៉ង់បានព្រមានថា នឹងសងសឹក លើអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំ Hamas និង Hezbollah។
មន្ត្រីលោកខាងលិចអះអាងថា ក្រុម Hezbollah ជាកងជីវពល គាំទ្រដោយអ៊ីរ៉ង់ ហើយចលនានយោបាយមានមូលដ្ឋាន នៅលីបង់ ដូច្នេះ លីបង់ អាចជាទីតាំងអាទិភាព ក្នុងការសងសឹក ហើយវានឹងបង្កឱ្យមានការឆ្លើយតប យ៉ាងធ្ងន់ធ្ងរ ពីអ៊ីស្រាអែលវិញ។ មួយវិញទៀត ការភ័យខ្លាចនៃការកើនឡើងអរិភាព ដែលអាចវាយលុកលីបង់ គឺខ្ពស់បំផុត ដោយសារតែក្រុម Hezbollah នៅលីបង់ ធ្លាប់បានបង្កើនការវាយប្រហារ លើអ៊ីស្រាអែល មួយថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏សាហាវ របស់ពួកហាម៉ាស លើអ៊ីស្រាអែល ភាគខាងត្បូង កាលពីថ្ងៃទី ៧ខែតុលា ឆ្នាំមុន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
កិច្ចខិតខំប្រឹងប្រែងការទូត របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត នៅតែបន្តព្យាយាមកាត់បន្ថយភាពតានតឹង នៅទូទាំងតំបន់។ ចំនួនជើងហោះហើរ ជាបន្តបន្ទាប់ ត្រូវបានលុបចោល ឬ ផ្អាក នៅអាកាសយានដ្ឋានពាណិជ្ជកម្ម នៅក្នុងទីក្រុង Beirut ប្រទេសលីបង់។
ការអំពាវនាវឱ្យចាកចេញពីប្រទេសលីបង់ ក្នុងពេលមានការភ័យខ្លាចសង្គ្រាមកើនឡើង កាន់តែទូលំទូលាយ នៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអ៊ីស្រាអែល ដែលខ្លួនបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការស្លាប់របស់ប្រមុខដឹកនាំនយោបាយហាម៉ាស់ លោក Ismail Haniyeh នៅក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ។ ការធ្វើឃាតនេះ បានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ក្រុម Hezbollah លោក Fuad Shukr ក្នុងទីក្រុង Beirut ប្រទេសលីបង់។
ការស្លាប់បុគ្គលទាំងពីររូបនេះ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត លើទីលានបាល់ទាត់មួយ ក្នុងទីក្រុង Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែល បណ្តាលឲ្យស្លាប់កុមារ និងក្មេងជំទង់ ចំនួន ១២នាក់។ អ៊ីស្រាអែលបានចោទប្រកាន់ថា ជាស្នាដៃរបស់ក្រុម Hezbollah និងបានសច្ចាថានឹងមានការសងសឹកយ៉ាងធ្ងន់ធ្ងរ បើទោះបីក្រុមហេសបូឡា បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ស្ថានទូតអាមេរិកនៅទីក្រុង Beirut បាននិយាយថា «អ្នកដែលជ្រើសរើសការស្នាក់ នៅក្នុងប្រទេសលីបង់ គួរតែ រៀបចំផែនការសង្គ្រោះបន្ទាន់ ហើយត្រូវរៀបចំ ជំរកនៅកន្លែង សម្រាប់រយៈពេលយូរ»។
មន្ទីរបញ្ចកោណ បាននិយាយថា ខ្លួនកំពុងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងបន្ថែមទៀត ទៅកាន់តំបន់នោះ ដើម្បីជួយការពារអ៊ីស្រាអែល ពីការវាយប្រហារដែលអាចកើតមាន ដោយអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលជាយុទ្ធសាស្ត្រស្រដៀង ទៅនឹងយុទ្ធសាស្ត្រខ្លួនធ្វើ កាលពីខែមេសា ដែលនៅពេលនោះ អ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ជាង៣០០គ្រឿង ទៅលើអ៊ីស្រាអែល ជាការសងសឹកចំពោះ ការវាយប្រហារលើបរិវេណការទូតរបស់ខ្លួន ក្នុងប្រទេសស៊ីរី ហើយពួគេចោទថា ជាស្នាដៃរបស់ អ៊ីស្រាអែល។
ចក្រភពអង់គ្លេសវិញ បាននិយាយថា ខ្លួនកំពុងបញ្ជូនមន្ត្រីយោធាបន្ថែម បុគ្គលិកកុងស៊ុល និងមន្ត្រីកងកម្លាំងព្រំដែន ដើម្បីជួយក្នុងការជម្លៀស ណាមួយ។ ពួកគេបានជំរុញឱ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសលីបង់។ នាវាយោធាអង់គ្លេសពីរគ្រឿង បានស្ថិតនៅក្នុងតំបន់នោះ រួចរាល់ហើយ ខណៈដែលកងទ័ពអាកាសអង់គ្លេស បានដាក់ឧទ្ធម្ភាគចក្រដឹកជញ្ជូន ត្រៀមរួចជាស្រេច។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសស្តីទី របស់អ៊ីរ៉ង់ លោក Ali Baqeri Kani បាននិយាយថា អ៊ីរ៉ង់នឹង «ប្រាកដប្រជាថា នឹងប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីដាក់ទណ្ឌកម្ម អ៊ីស្រាអែល»។
រីឯ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីស្រាអែលនឹងរង «ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ» ចំពោះការសម្លាប់បុគ្គលទាំងពីររូបនេះ។
អ្វីជាការកត់សម្គាល់ការធ្វើឃាតលើ មេហាម៉ាស់ លោក Haniyeh បានបង្អាក់ដល់ការចរចាសម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង នៅហ្គាហ្សា និងធ្លាប់ជាក្តីសង្ឃឹមចម្បង ក្នុងការលុបបំបាត់ភាពតានតឹង នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល។
គួររម្លឹកថា ដើមចមសង្រ្គាម បានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ដោយបានសម្លាប់ មនុស្សប្រហែល ១២០០ នាក់ និងចាប់ជំរឹតមនុស្ស ២៥០នាក់ ផ្សេងទៀត។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឱ្យដឹងថា ការវាយប្រហារនេះបានបង្កឱ្យមានការឆ្លើយតបយោធាដ៏ធំ របស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ជិត៤ម៉ឺននាក់ហើយ នៅហ្គាហ្សា៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត