ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានផ្តាំផ្ញើរដល់ និស្សិតជ័យលាភី អាហារូបករណ៍ ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ។ ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជនបរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាបញ្ញវន្ត។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ ។

គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០២០មក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner