លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង រាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោក សេង វណ្ណៈ នាយករដ្ឋបាល និងលោក ឆាយ វីរៈ នាយករងរដ្ឋបាល ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម នួន ផារ័ត្ន ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាល ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ។
ឯកឧត្ដមឃួង ស្រេង បានឲ្យដឹងថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល ។
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានផ្តាំផ្ញើ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ក៏ដូចជា រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យរីកចម្រើនបន្ថែមទៀត បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ