អត្តពលិកជាង ៤០រូបឆ្លងកូវីដ១៩ អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស

ប៉ារីស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា អត្តពលិកជាង ៤០នាក់ ដែលចូលរួមប្រកួតនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មេរោគកូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ហើយប្រទេសនានាចាំបាច់ត្រូវពង្រឹងប្រព័ន្ធឆ្លើយតបរបស់ពួកគេជាបន្ទាន់។ ជាក់ស្តែង អត្តពលិកជាង ៤០នាក់បានជំងឺកូវីដ-១៩ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

មន្រ្តី WHO បាននិយាយថា កីឡាករហែលទឹកអង់គ្លេស Adam Peaty បានធ្វើតេស្តវិជ្ជមានកូវីដមួយថ្ងៃបន្ទាប់ពីឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាហែលទឹក ១០០ម៉ែត្រ។ កីឡាការិនីអូស្ត្រាលី Lani Pallister ក៏បានដកខ្លួនចេញពីវិញ្ញាសាហែលសេរីចម្ងាយ ១.៥០០ម៉ែត្ររបស់ស្ត្រីផងដែរ បន្ទាប់ពីធ្លាក់ខ្លួនឈឺ។

នាយិការផ្នែកបង្ការ និងត្រៀមខ្លួនទប់ស្កាត់មេរោគរាតត្បាតរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ផ្អែកតាមទិន្នន័យពីប្រទេសចំនួន ៨៤ បានបង្ហាញថា ភាគរយនៃការធ្វើតេស្តវិជ្ជមានជំងឺ SARS-CoV-2 ដែលជាវីរុសបង្កជំងឺ Covid-19 កំពុងកើនឡើងជាច្រើនសប្តាហ៍មកហើយ។

លោកស្រីនាយិការបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មេរោគនៅតែបន្តវិវឌ្ឍ និងបម្លែងខ្លួន ដែលធ្វើឱ្យយើងទាំងអស់គ្នាប្រឈមនឹងហានិភ័យ នៃមេរោគដែលមានសក្តានុពលខ្លាំងជាងមុន ដែលអាចគេចចេញពីការរកឃើញរបស់យើង ឬការអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្តរបស់យើង រួមទាំងការចាក់វ៉ាក់សាំង។

លោក Van Kerkhove បន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសជាច្រើនបានជួបប្រទះនឹងការកើនឡើងករណីឆ្លងជំងឺ Covid-19។ លោកស្រីបានបញ្ជាក់ទៀតថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ក្នុងការឃើញអត្តពលិកបានឆ្លងកូវីដព្រោះដូចដែលខ្ញុំបាននិយាយពីមុនថា មេរោគនេះកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនានា៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner