សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលទប់ស្កាត់ជម្លោះ

វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែជៀសវាងបង្កជម្លោះកាន់តែរីកធំឡើងនៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា គ្មាននរណាម្នាក់ចង់បង្កើនជម្លោះនេះទេ… យើងបានចូលរួមក្នុងការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក ប្លីងគែន បន្តថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល គឺរឹងមាំដូចវាំងននដែក ហើយយើងនឹងបន្តការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីក្រុមភេរវករ ឬអ្នកឧបត្ថម្ភរបស់ពួកគេ ដូចដែលយើងនឹងបន្តការពារកងទ័ពរបស់យើងដែរ។

លោក ប្លីងគែន បានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្នានៅក្នុងតំបន់គួរតែយល់ថា ការវាយប្រហារគ្នាបន្ថែមទៀត គឺគ្រាន់តែជាការបង្កើនជម្លោះ បង្កអស្ថិរភាព និងអសន្តិសុខសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះ។ លោក ប្លីងគែន បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិកនៅទីក្រុង Annapolis រដ្ឋ Maryland ថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាដើម្បីការពារការរីករាលដាលជម្លោះ។

ការអះអាងបែបនេះរបស់លោក ប្លីងគែន ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកក្រោយអ៊ីស្រាអែលបានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញការខកចិត្តជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជុំវិញការវាយប្រហារនេះ ខណៈដែលកិច្ចចរចាលើបទឈប់បាញ់មើលទៅហាក់ដូចជាទទួលបានផ្លែផ្កាជាបណ្តើរៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner