ឆាបឆេះហាងលក់វ៉ែនតា១កន្លែងក្នុងខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធរ​និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍យ៉ាងប្រញាប់

ភ្នំពេញ៖ គ្រោះអគ្គិភ័យបានឆាបឆេះហាងលក់វ៉ែនតា ១កន្លែង បានបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញ ជួយ​អន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ២០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិត ចំណុច ផ្ទះលេខ ១៧ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពាក់ព័ន្ធ នឹងករណីគ្រោះអគ្គិភ័យ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តម​សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជធានីភ្នំ​ពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយា​ល័យ​នគរបាល​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹក​នាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាប​ឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យ​របស់​ការិ​យាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប ។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ផ្ទះល្វែង ទំហំ (៤ម៉ែត្រ x ១២ម៉ែត្រ) ឆេះខូចខាតសម្ភារៈក្នុងហាងលក់វ៉ែនតាអស់ទាំងស្រុង នឹងពុំបណ្តាល​ឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលា​ម៉ោង ១និង៤០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុង​គ្រោះអគ្គិភ័យខាងលើនេះឡើយ៕

ដោយ ៖ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner