សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លា ពីដៃគូ​យុទ្ធ​សាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។

ឯកឧត្តមក៏បានកោតសសើរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័យក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេស ការពូនជ្រំទំនាក់ទំនង មិត្តភាពយូរអង្វែងកម្ពុជា-ចិន។

ឯកឧត្តម ក៏បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានអញ្ជើញសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីចូលរួមក្នុងវេទិការ ស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសានទុង ប្រទេសចិននៅថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

ជាកិច្ចឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីចំណងមិត្តភាពកម្ពុជា ចិន សម្រាប់ឆ្នាំនេះជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ ។ រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយមិត្តចិន។ ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីររឹងមាំដូចដែកថែប មិនអាចបំបែកបាន។ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចំរើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

សម្តេចមានជំនឿយ៉ាងមុតមាំ ចំពោះមិត្តចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner