ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារ មនុស្សធម៌នៅក្នុងសង្គមកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាល ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ។
លោកជំទាវបណ្ឌិត បានកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ព្រមទាំងបានជួយដល់សិល្បករ សិល្បការិនី ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ហើយមានផែនការច្បាស់លាស់ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរឱ្យមានភាពរីកចម្រើនថែមទៀត ។
លោកជំទាវបណ្ឌិត ក៏បានលើកទ្បើងផងដែរថា ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារមនុស្សធម៌នៅក្នុងសង្គមកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ៕
ដោយ ៖ វណ្ណលុក