រលកកំដៅវាយប្រហារទ្វីបអង់តាក់ទិក សីតុណ្ហភាពហក់ដល់ ៥០អង្សាសេ
បរទេស៖ រលកកំដៅបានវាយប្រហារទ្វីបអង់តាក់ទិក ធ្វើឱ្យអ្នកវិទ្យាសាស្រ្តព្រួយបារម្ភថា ទៅថ្ងៃអនាគត វានឹងប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។
សីតុណ្ហភាពចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ស្ទុះឡើងដល់ ៥០អង្សាសេ កើនលើសពីធម្មតានៅតាមផ្នែកខ្លះនៃទ្វីបអង់តាក់ទិក ហើយត្រូវបានគេរំពឹងថា នឹងបន្តអូសបន្លាយរហូតដល់ពាក់កណ្តាលខែសីហា។
នេះគឺជារលកកំដៅលើកទីពីរ ដែលទ្វីបអង់តាក់ទិកជួបប្រទះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ទិន្នន័យចុងក្រោយបំផុតនេះ បានបង្ហាញពីសីតុណ្ហភាពកើនឡើងខ្ពស់ នៅក្នុងផ្នែកខ្លះនៃទ្វីបអង់តាក់ទិកខាងកើត ដែលជាធម្មតាមានសីតុណ្ហភាពចន្លោះពីដក៥៨ និងដក ៧៦អង្សាសេ តែឥឡូវនេះមកនៅពីដក ១៣ ទៅដក ២២អង្សាសេ។
សីតុណ្ហភាពក្តៅដ៏មរណៈនេះបានកើតមាននៅក្នុងរដូវរងារ បើទោះបីជាទ្វីបភាគច្រើនមានសីតុណ្ហភាពចុះត្រជាក់ ដែលនេះគឺជាការវិវត្តន៍ដ៏គួរឱ្យព្រួយបារម្ភ ខណៈការបំពុលឥន្ធនៈហ្វូស៊ីលនៅតែបន្តជំរុញឱ្យសីតុណ្ហភាពពិភពលោកកើនឡើង។
គួរបញ្ជាក់ថា ទឹកកកភាគច្រើននៃភពផែនដីគឺប្រមូលផ្តុំនៅទ្វីបអង់តាក់ទិក ហើយប្រសិនបើវារលាយអស់ នោះវានឹងបង្កើនកម្រិតទឹកសមុទ្រជាមធ្យមលើពិភពលោក លើសពី ៤៥ម៉ែត្រ។
អ្នកជំនាញស្រាវជ្រាវផ្នែកឧតុនិយមនៃទ្វីបអង់តាក់ទិកនៅសាកលវិទ្យាល័យ Wisconsin-Madison លោក David Mikolajczyk បាននិយាយថា វាអាចទៅរួច ដែលរលកកំដៅកាន់តែច្រើនបែបនេះ នឹងកើតឡើងញឹកញាប់ក្នុងរដូវរងានាពេលអនាគត ដែលអាចធ្វើឱ្យដុំទឹកកកនៅទ្វីបអង់តាក់ទិកកាន់តែងាយរលាយ ជាងនៅក្នុងរដូវក្តៅ។ លោក Mikolajczyk បានប្រាប់ទូរទស្សន៍ CNN ថា ការកើនឡើងការរលាយដុំទឹកកកនៃទ្វីបអង់តាក់ទិក ក៏អាចមានសក្តានុពលផ្លាស់ប្តូរចរាចរនៃមហាសមុទ្រពិភពលោកផងដែរ។
យោងតាមការសិក្សាក្នុងឆ្នាំ ២០២៣ ដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Geophysical Research Letters បានឱ្យដឹងថា រលកកំដៅដែលមិនធ្លាប់មានពីមុនមក គឺកាន់តែអាក្រក់ទៅៗ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ការសិក្សានេះបានរកឃើញថា ការប្រែប្រួលអាកាសធាតុបានរួមចំណែកចំនួន ៣.៦អង្សាសេដល់ការកើនឡើងកំដៅនៃរលកកំដៅ ហើយអាចធ្វើឱ្យរលកកំដៅកាន់តែអាក្រក់ឡើង ពី ៩ ទៅ ១០.៨អង្សាសេនៅឆ្នាំ ២១០០៕
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា