អ្នកវិទ្យាសាស្រ្តចិនរកឃើញម៉ូលេគុលទឹកនៅភពព្រះចន្ទ ដែលទំនងអាចដាំដុះដំណាំ

ប៉េកាំង៖ អ្នកវិទ្យាសាស្ត្រចិនថ្មីៗនេះ បានរកឃើញ ម៉ូលេគុលទឹក រួមជាមួយសារធាតុរ៉ែ នៅក្នុងសំណាកដីនៃភពព្រះចន្ទ ដែលយានអវកាស Chang’e-6 របស់ពួកគេនាំយកមកផែនដី។

ការរកឃើញចុងក្រោយនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រនិយាយថា គឺជាលើកដំបូងហើយ ដែលម៉ូលេគុលទឹក ត្រូវបានរកឃើញនៅក្នុងសំណាកដីនៃភពព្រះចន្ទ។

លោក Yuqi Qian អ្នកភូគព្ភវិទូភពផែនដីនៅសាកលវិទ្យាល័យហុងកុងបាននិយាយថា មានម៉ូលេគុលទឹកចំនួន៣ប្រភេទ ដែលអាចមាននៅលើផ្ទៃភពព្រះចន្ទ ក្នុងនោះមានដូចជាម៉ូលេគុលទឹក (H2O), ទឹកកក និងសមាសធាតុម៉ូលេគុលមួយទៀតហៅថា អ៊ីដ្រូកស៊ីល (hydroxyl)។

ទន្ទឹមគ្នា អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ជាច្រើនបានលើកឡើងពីលទ្ធភាពដាំដុះរុក្ខជាតិ ឬដំណាំនៅលើភពព្រះចន្ទ ដោយប្រើប្រាស់ម៉ូលេគុលទឹកដែលមានស្រាប់នៅក្នុងដី។ ប៉ុន្តែលោក Qian បានអះអាងថា វាហាក់ដូចជាលឿនពេកហើយ ដើម្បីទាញយកការសន្និដ្ឋានបែបនេះ។

កន្លងមក អ្នកជំនាញមួយរូបបានប្រាប់ទូរទស្សន៍ CNN ថា ការស្វែងយល់ពីរបៀបដែលម៉ូលីគុលទឹកត្រូវបានរក្សាទុកនៅលើភពព្រះចន្ទ គឺមានសារៈប្រយោជន៍ណាស់ ពីព្រោះនាពេលអនាគត អវកាសយានិកអាចនឹងរកឃើញធនធានមានសក្តានុពល ដែលអាចបំលែងទៅជាទឹកបរិភោគ ឬជាប្រេងឥន្ធនៈជាដើម។

របកគំហើញនេះ គឺជាការរកឃើញចុងក្រោយបង្អស់របស់ប្រទេសចិន ក្នុងជំហានប្រែក្លាយខ្លួនជាមហាអំណាចអវកាសនាពេលអនាគត។ ចិនមានបំណងកសាងមូលដ្ឋានស្រាវជ្រាវនៅលើភពព្រះចន្ទនៅឆ្នាំ ២០៣០៕

ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner