សហព័ន្ធកីឡាវាយកូនគោលកម្ពុជាគ្រោងបង្កើតមូនិធិគាំទ្រអភិវឌ្ឍកីឡាករការិនីថ្នាលត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ យោងតាម ការបញ្ជាក់ពី លោក ឧកញ៉ា ឡោក ដារិទ្ធ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ អ្នកយកព័ត៌មានកីឡា ក្រោយបញ្ចប់ មហាស្និបាទបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៤-២០២៨ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកថា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងនឹងបង្កើតអង្គភាពមួយក្រោមការជួយជ្រោមជ្រែងពីអាព្យាបាល និងភាគីពាក់ព័ន្ធ ជាមូនិធិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីវ័យក្មេងឆ្លើយតបទៅនឹងការត្រៀមរបស់កម្ពុជា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលមានជាង៤០ប្រទេសចូលរួម។
លោក ឧកញ៉ា បានគូសបញ្ជាក់ទៀតថា ថវិកាមូនិធិដែលទទួលបានពីអាណាព្យាបាល និងភាគីពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍកីឡាថ្នាលនេះ គឺប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាល ការរៀបចំការប្រកួតសម្រាប់ថ្នាលនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅប្រទេស ។ ការជំរុញបែបនេះ នឹងជួយឱ្យកីឡាករកីឡាការិនីកូនគោលថ្នាលមានការអភិវឌ្ឍផ្នែកបច្ចេកទេស និងបទពិសោធន៍ ពិសេស គឺមានភាពក្លាហាន ប្រកួតប្រជែងដោយទំនុកចិត្តខ្ពស់ និងមានលទ្ធភាពដណ្តើមបានមេដាយជូនកម្ពុជា។
អគ្គលេខាធិការង ទទួលបន្ទុកអភិវឌ្ឍធនធានថ្នាលរូបនេះ បានអះអាងបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់សន្និបាតនេះទៅ ផែនការសម្រាប់អាណ្តិទី៦ ដែលជាអាណត្តិថ្មី និងចាប់ផ្តើមអនុវត្តតាមផែនការមេរបស់សហព័ន្ធបានដាក់ចេញក្នុងមហាសន្និបាត។
សូមបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍កីឡាករកីឡាការិនីថ្នាលត្រៀមសម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងត្រូវចាយថវិកាជាច្រើន ក្នុងនោះមានដូចជា នាំយកគ្រូអន្តរជាតិមកហ្វឹកហាត់នៅក្នុងស្រុក .ដឹកនាំកីឡាករកីឡាការិនីទៅផ្លាស់ប្តូរបទពិសោធន៍រួមមានការហ្វឹកហាត់ និងការប្រកួតជាដើម ពិសេស គឺការផ្លាស់ប្តូរកីឡាករកីឡាការិនីពីប្រទេសគេមកហាត់នៅយើង និងកីឡាករកីឡាការិនីយើងនៅហ្វឹកនៅស្រុកគេ ដើម្បីការផ្លាស់ប្តូរបច្ចេកទេស ពង្រឹងសមត្ថភាព បង្កើតនូវទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានា ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ