បញ្ជរលក់សំបុត្រចូលទស្សនាប្រាសាទនគរបាជ័យសម្រាប់ទេសចរបរទេសសម្រេចបានជាង៨០ភាគរយ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៤និងមន្រ្តីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ បញ្ជរលក់សំបុត្រសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាប្រាសាទនគរបាជ័យ ខណៈការដ្ឋាននេះសម្រេចការសាងសង់បានជាង ៨០ភាគរយហើយ។
ប្រាសាទនគរបាជ័យ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ដមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បើចេញពីរាជធានីភ្នំពេញ អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ រួចបន្តទៅផ្លូវជាតិលេខ ៧ ត្រង់ទីប្រជុំជនស្គន់ ក្នុងចម្ងាយប្រមាណជាង ១១០គីឡូម៉ែត្រ។
ប្រាសាទនគរបាជ័យ ជាប្រាសាទបុរាណមួយដែលបានកសាងឡើងពីថ្មបាយក្រៀម និងថ្មភក់ នៅ ចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះមានរចនាប័ទ្មបាយ័ន កសាងបែរទៅទិសខាងកើត រាងជាចតុកោណកែង និងមានកំពែង៣ជាន់ ព្រមទាំងមានគោបុរៈ ឬខ្លោងទ្វារគ្រប់ទិសធំទាំងបួន។ នៅកំពែងទី១ នៃប្រាសាទនេះ បាក់បែក និងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២ និងកំពែងជាន់ទី៣ នៅរក្សារូបរាងគួរសម។
ក្នុងបរិវេណកំពែងទី២ គេឃើញមានស្រះទឹកតូចៗចំនួន២ និងតួប្រាសាទស្ថិតក្នុងកំពែងទី៣។ នៅផ្នែកតួប្រាសាទនេះ មានទម្រង់ជាចេតិយសាងសង់ពីថ្មភក់។ រីឯតាមហោជាង និងជញ្ជាំង នៃប្រាង្គនេះ មានបន្សល់នូវចម្លាក់យ៉ាងប្រណិត និងព្រះពុទ្ធបដិមា គង់ទាំងបួនទិស។
យោងតាមបញ្ជីឈ្មោះបែងចែកប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានី-ខេត្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញថា ដំបូងឡើយប្រាសាទនេះ កសាងឡើងសម្រាប់ឧទ្ទិសចំពោះពុទ្ធសាសនាមហាយាន។ លុះក្រោយមកក្នុងរាជស្ដេចបន្ទាប់ ប្រាសាទនេះ ត្រូវបានកែតម្រូវតាមសាសនាថ្មី ដែលព្រះរាជាអង្គនោះគោរពបូជា គឺព្រហ្មញ្ញសាសនា។
បន្ទាប់មកនៅសម័យកណ្ដាល រវាងសតវត្សទី១៦ និងសតវត្សទី១៧ មានព្រះរាជាមួយព្រះអង្គផ្សេងទៀត បានរៀបចំប្រាសាទវត្តនគរបាជ័យនេះឡើងវិញ ឱ្យទៅជាទីវត្តអារាម នៃពុទ្ធសាសនាហិនយាន ព្រមទាំងកសាងនូវសំណង់ថ្មីមួយចំនួន រួមមានព្រះវិហារ និងកែប្រែប្រាង្គកណ្ដាលរបស់ប្រាសាទទៅជាចេតិយ ដែលមានសភាពដូចបច្ចុប្បន្ន។
យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយឆ្នាំ២០១០បានបង្ហាញថា ខេត្តកំពង់ចាម មានប្រាសាទមានរូបរាងចំនួន២៦ សំណល់គ្រឹះប្រាសាទចំនួន១៤ និងស្រះដែលជាទីតាំងយកថ្មចំនួន ២៩៕
ដោយ៖លីពៅ