កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជន ១.២១១គ្រួសារ រស់នៅ សហគមន៍ក្រីក្រទាំង១០ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ
(ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរ សុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជន ១.២១១គ្រួសារ រស់នៅ សហគមន៍ ក្រីក្រទាំង១០ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត ១កញ្ចប់ មាន(មុង ភួយ សារុង ក្រមា) និងថវិកា ១០ម៉ឺនរៀល។
ប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រទាំង ១០ នៃសង្កាត់គោករកា ដែលមកតាំងទីលំនៅនៅទីនេះ គឺមកពីតំបន់មិនរៀបរយដែលស្នាក់នៅក្នុងអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នកដែលតាំងទីលំនៅលើលូប្រឡាយនានាក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ប្រជាពលរដ្ឋមករស់នៅទីនេះ ទទួលបានការចែកដី និងលំនៅឋានពីសាលារាជធានីភ្នំពេញ ដោយមានប្រព័ន្ធលូ អគ្គិសនីរដ្ឋ និងមានទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់។
ប្រជាពលរដ្ឋនៅទីនេះភាគច្រើនជាអ្នកប្រកបមុខរបរកម្មករ កម្មការិនី លក់ដូរបន្តិចបន្តួច លក់លៀសហាល ខ្ចៅស្ងោ ដើររើសអេតចាយ និងលក់ដូររបស់ហូបចុកជារបៀបរទេះរុញនៅនឹងកន្លែង ឬចល័ត។ ប្រជាពលរដ្ឋទាំងអស់ក៏ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ (ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃ)៕
ដោយ / គ្រី សម្បត្តិ