ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ចើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ កិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន ប្រមុខមុខងារសាធារណៈរបស់ប្រទេសអាស៊ានទាំង១០ និងដោយមានប្រទេស ទីម័រខាងកើតជាអ្នកចូលរួមអង្កេត។ លុះដល់ពេលរសៀល ប្រមុខមុខងារសាធារណៈនៃប្រទេសបូកបី រួមមានសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង នឹងមានវត្តមានបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចូលរួមផ្លាស់ប្តូរទស្សនៈ លើសេចក្តីព្រាង សេចក្តីថ្លែងការណ៍ស្តីពី ការពង្រឹងយុទ្ធសាស្ត្ររដ្ឋាភិបាលលើបញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាព ក្នុងវិស័យសាធារណៈ ដើម្បីទទួលបានតុល្យភាពនៃជីវិត និងការងារ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីផ្ទេរតំណែងប្រធាន ACCSM និង ACCSM+3 រួមទាំងការចាក់បង្ហាញវីដេអូស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ពោលគឺកម្ពុជា នឹងក្លាយជាប្រធាន ក្នុងការដឹកនាំការងារកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ រួមបញ្ចូលទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់នានាក្នុងក្របខណ្ឌខាងលើសម្រាប់ឆ្នាំ២០២៤-២០២៦៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមឯកឧត្តម ហ៊ុន ម៉ានី

ads banner