ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាព​និងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្កក្តចេះ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាល​ជូនប្រជាពលរដ្ឋបានល្អប្រសើរ

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួម​ធ្វើ​​ឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។ រទេះរុញដែល​ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបាន​គូស​បញ្ជាក់​ថា នឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈ​បន្ថែមដើម្បី​បម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួល​សម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

នេះជាលើកទី៣ ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រុមការងារ​បានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព​ក្នុង​ខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេស​សម្រាប់ជនពិការភាព។

ការគិតគូរនិងផ្តល់រទេះរុញនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខា​ភិបាល​ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីកសេវាសុខភាពឆ្ពោះទៅការ​គ្របដណ្តប់សុខភាពជាសកលដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាកម្មវិធីនយោបាយអាទិភាព ១ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថារទេះរុញទាំង ១៦៨ នេះដែលត្រូវបានចែក​ដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពនៅទូទាំងខេត្តក្រចេះនេះជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យការ​បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។​ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញនិងលើកទឹកចិត្តដល់មន្ទីរសុខាភិបាល មន្ត្រីបុគ្គលិក​ទាំងអស់បន្តផ្តល់សេវាជូនពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ វិជ្ជាជីវៈ​និង​ការទទួលខុសត្រូវ។

ឯកឧត្តមបានកត់សម្គាល់ថាសេវាសុខាភិបាលនៅក្នុងខេត្តក្រចេះមានភាពល្អប្រសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយបណ្តាខេត្តមួយចំនួននៅជុំវិញ​ខេត្ត​ក្រចេះបានមកទទួលសេវានៅខេត្តក្រចេះផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner