ទីបំផុត តុលាការធម្មនុញ្ញាថៃរំលាយបក្ស Move Forward និងហាមឃាត់លោក Pita ប្រឡូកនយោបាយ១០ឆ្នាំ
បាងកក៖ តុលាការធម្មនុញ្ញថៃ ក្នុងថ្ងៃពុធនេះ បានចេញសាលក្រមរំលាយគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ជាផ្លូវការហើយ ខណៈការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ។
នៅពីក្រោយការរំលាយគណបក្សប្រឆាំងដ៏លេចធ្លោរបស់ប្រទេសថៃនេះ គឺដោយសារតែគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងការប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។
ក្រៅពីការរំលាយបក្ស សមាជិកជាន់ខ្ពស់ទាំង១១នាក់ រួមទាំងអតីតមេដឹកនាំបក្សនេះ គឺលោក Pita Limjaroenrat ក៏ត្រូវជាប់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។
ទោះបីជាយ៉ាងណា តំណាងរាស្រ្តចំនួន១៤៣នាក់របស់គណបក្ស Move Forward នៅអាចរក្សាអាសនៈរបស់ខ្លួនក្នុងសភាបាន ក៏ប៉ុន្តែត្រូវចុះចូលជាមួយគណបក្សដទៃទៀត ឬក៏បង្កើតគណបក្សថ្មីមួយទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា