រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ

(ភ្នំពេញ)៖ ការកសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីសហការរួមគ្នា ឈានទៅផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈទទួលជួបជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូតថ្មី ក្នុងបេសកកម្មបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើការកែច្នៃស្រូវអង្ករទៅប្រទេសម៉ាឡេស៊ី ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគមកវិនិយោគលើផ្នែកកែច្នៃ វេចខ្ចប់ស្រូវអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជា មានកសិផលជាច្រើនទៀត ដែលមានគុណភាពល្អប្រណិត (Premium) ដោយមិនប្រកួតលើបរិមាណនោះទេ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពី ព្រែកជីកហ្វូណនតេជោ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ក្នុងការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ធារាសាស្ត្រ វារីប្បកម្ម ជាពិសេសជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner